(ភ្នំពេញ)៖ គិតត្រឹមម៉ោង២៖០២នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧ ៥២៦ ៣៨០នាក់ ស្មើនឹង ៧៧,៥១ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាម លោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕