(ភ្នំពេញ)៖ ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប ពេលបម្រុងហោះចាកចេញពីកម្ពុជា ពាក់ព័ន្ធករណីវាយបំផ្លាញម៉ាស៉ីនទូរ ATM របស់ធនាគារវឌ្ឍនៈ នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ការចាប់ខ្លួននេះធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ តាមបណ្ដឹងរបស់ធនាគារវឌ្ឍនៈ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះឈ្មោះ MULDOON IAN ជាជនជាតិអូស្ដ្រាលី។

ក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា ជនបរទេសរូបនេះ បានធ្វើសកម្មភាពវាយបំផ្លាញម៉ាស៉ីនទូរ ATM របស់ធនាគារវឌ្ឍនៈ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្មាលមីនី ម៉ាត់ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕