(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី ខណៈដែលលោកប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូមកចូលរួមសង្កេតការណ៍ការបោះឆ្នោត នៅកម្ពុជា។
ជំនួបនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរឲ្យកាន់តែល្អប្រសើរឡើង។
នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញរបស់លោកប្រធានសភាម៉ាឡេស៊ី ដែលបានផ្តល់នូវកិត្តិយសដ៏មានតម្លៃ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានចូលរួម ជាសាក្សីនៃដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល បានលើកឡើងថា លោកធ្លាប់បានអញ្ជើញមកម្ពុជាកាលពីឆ្នាំ២០០០ ប៉ុន្តែបើប្រៀបធៀបពីពេលនោះមកពេលនេះ រាជធានីភ្នំពេញមានការប្រែមុខមាត់ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោត នាពេលនេះលោក តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល បានជួបពិភាក្សាការងារជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា។
គួរបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ដែល នាំមកនូវការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម។ កន្លងមកប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចនានា ពិសេសទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីនវ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជាកាលពីដើម ឆ្នាំ២០២៣ ដែលបានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕