(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង បេក្ខជនតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រួចហើយ នៅសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលជាការអនុវត្តសិទ្ធិ និងករណីយកិច្ចជាប្រជាពលរដ្ឋល្អ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានចាប់ផ្តើមថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីបំពេញសិទ្ធិជាប្រជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។
សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕