(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅការិយាល័យលេខ០៣២២ នៃមណ្ឌលសាលាបឋមសិក្សាអន្លង់ត្នោត ភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ បានសម្តែងអារម្មណ៍មោទនភាពយ៉ាងក្រៃលែង ដោយឃើញប្រជាពលរដ្ឋក្នុងស្រុកក្រគរ បានចេញមកបោះឆ្នោត និងបន្តចេញមកបោះឆ្នោតជាហូរហែរ នៅតាមការិយាល័យរបស់ខ្លួនយ៉ាងច្រើនកុះករ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ពីមួយអាណត្តិទៅមួយអាណត្តិ ប្រជាពលរដ្ឋរឹតតែមានការយល់ដឹងអំពីតម្លៃ នៃការបោះឆ្នោត ក្នុងនាមជាពលរដ្ឋល្អ ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីម៉ោងនេះរហូតដល់ម៉ោងបិទបញ្ចប់ នៃការបោះឆ្នោត នឹងមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតគ្រប់ៗគ្នាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចេញទៅបោះឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន និងសូមថ្លែងអំណរគុណដល់ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់ជាន់ថ្នាក់ កងកម្លាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមអ្នកសង្កេតការណ៍ជាតិ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការ និងបង្កលក្ខណៈល្អគ្រប់ការិយាល័យបោះឆ្នោត ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាមោទនភាព នៃខេត្តពោធិ៍សាត់។

សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ នៅទូទាំងប្រទេសមានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។

សម្រាប់ខេត្តពោធិ៍សាត់ គឺមានគណបក្សនយោបាយចំនួន១១ ដែលត្រូវចូលរួមប្រគួតប្រជែង ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោត ចំនួន៣០០,៣២៨នាក់, មានការិយាល័យបោះឆ្នោត ចំនួន៧៤៤ការិយាល័យ, អ្នកសង្កេតការណ៍ជាតិ មាន១៦ស្ថាប័ន ចំនួន១៤២៩នាក់ និងភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ មានចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួមរួមជាតិ៕