(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងភរិយា បាន​អញ្ជើញ​ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះ​ឆ្នោត សាលា​ឡាយហ្វ អានឆុង ការិយាល័យលេខ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីបានបោះឆ្នោតរួចមក លោក គួច ចំរើន ក៏​បាន​ចុះពិនិត្យមើលនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន រួមមាន សាលាបឋមសិក្សា អនុវិទ្យាល័យជាំងស៊ូ បិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់, សាលាបឋមសិក្សា​ចំការ​កៅស៊ូ ស្ថិតនៅសង្កាត់ លេខ១, សាលាបឋមសិក្សា វិទ្យាល័យឃ្លាំងលើ សង្កាត់​លេខ១ ក្រុងព្រះសីហនុ។

អភិបាលខេត្ដ​បានពិនិត្យឃើញថា ដំណើរការបោះ​ឆ្នោត​នៅក្នុងខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូន ហើយចំពោះសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណនៅតាមការិយាល័យបោះឆ្នោតនីមួយៗមានស្ថានភាពល្អប្រសើរ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះ​ក្នុងបញ្ជី​បោះ​ឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយល័យបោះ​ឆ្នោត​រៀងៗ​ខ្លួនឲ្យបានមុនម៉ោង៣រសៀលនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានការិយាល័យបោះឆ្នោតសរុប៣២៦ ការិយា​ល័យ ហើយបានចាប់ផ្តើមបើកដំណើការព្រមៗគ្នានៅម៉ោង៧ព្រឹក នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ខេត្ដព្រះសីហនុ មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត​ឆ្នាំ២០២២ សរុបចំនួន ១៤៩,៨០៧នាក់ ក្នុងចំណោមក្រុង២ ស្រុក៣ នៃខេត្តព្រះសីហនុ ក្នុងនោះ ក្រុងព្រះសីហនុ មានប្រជាពលរដ្ឋបោះឆ្នោតសរុបចំនួន ៥៤,១៤៣នាក់ ស្មើនឹង១០៧ ការិយាល័យបោះឆ្នោត។

ស្រុកព្រៃនប់ មានប្រជាពលរដ្ឋ ៧០,៧៤៧នាក់ ស្មើនឹង១៦០ការិយាល័យ។ ស្រុកស្ទឹងហាវ មានប្រជាពលរដ្ឋសរុបចំនួន ១១,៦២៣នាក់ ស្មើនឹង ៣០ការិយាល័យ។ ស្រុកកំពង់សិលា មានប្រជាពលរដ្ឋសរុបចំនួន ១០,៧៤៨នាក់ ស្មើនឹង ២៤ការិយាល័យ។ ចំណែក ក្រុងកោះរ៉ុង មានប្រជាពលរដ្ឋចំនួន ២,៥៤៦ នាក់ ស្មើនឹង៥ការិយាល័យ។

ចំពោះដំណើរការបោះ​ឆ្នោតនៅ​ទូទាំងខេត្តព្រះសីហនុ គឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អ មិនមាន​មណ្ឌល​បោះឆ្នោតណាមួយជួបបញ្ហា ឬមានបណ្តឹងតវ៉ានោះទេ ហើយគ្រប់គណបក្សនយោ​បាយទាំង១២ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ម្យ៉ាងទៀតប្រជាពលរដ្ឋបាន​នាំគ្នា​ចេញទៅបោះឆ្នោតយ៉ាងផុលផុសផងដែរ៕