(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីការពារនិងអនុត្តច្បាប់ ព្រមទាំងជាអ្នកដឹកនាំក្រុមមេធាវីការពារបណ្តឹងលើបុគ្គលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបំពានច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានស្នើដល់ក្រុមមេធាវីទាំងអស់គ្នា សហការពិនិត្យ តាមស្រាវជ្រាវ ក្នុងបណ្តាញសង្គមនានា ប្រមូលយកភស្តុតាង ដែលបញ្ជាក់ចំពោះបុគ្គលទាំងឡាយណា ដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់ ដើម្បីរៀបចំបណ្តឹង ធ្វើវិធានការច្បាប់ ដោយគ្មានការលើកលែង។
គិតត្រឹមម៉ោង១២៖០០ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កំពុងដំណើរការទៅដោយរលូន និងគ្មានបាតុភាពអសន្ដិសុខណាមួយកើតឡើងនោះឡើយ៕