(ភ្នំពេញ)៖ ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិដ៏សំខាន់មួយរូប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) ដែលជានាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) បានបញ្ជាក់ថា បេសកកម្មរបស់លោក គឺសង្កេតមើលពីដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយចំពោះការបោះឆ្នោតនេះ គឺដំណើរការត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យហើយ។

លោកនាយករដ្ឋមន្ត្រីបានបន្តថា បេសកកម្មសំខាន់របស់ប្រតិភូមកពីប្រទេសហ្គីណេប៊ីសាវ គឺសង្កេតមើលពីដំណើរការលទ្ធិប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោត ហើយលោកក៏ខិតខំសង្កេតការណ៍ក្នុងការបោះឆ្នោតនេះ ដើម្បីធ្វើជាសាក្សី។ ប្រតិភូរបស់លោកនឹងពិនិត្យមើលនាពេលបន្តបន្ទាប់ទៀត ពិសេសគឺការរៀបចំបិទការិយាល័យ រាប់សន្លឹកឆ្នោត និងកិច្ចការផ្សេងទៀតថាតើប្រព្រឹត្តដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាពដែរឬទេ។

លោកបន្តទៀតថា មកទល់នឹងពេលនេះ ការដំណើរការរៀបចំការបោះឆ្នោតគឺមានដំណើរការប្រព្រឹត្តទៅល្អប្រសើរ និងរលូនទៅតាមនីតិវិធីហើយ រីឯការបើកដំណើរការការិយាល័យបោះឆ្នោត ការដាក់សម្ភារបោះឆ្នោត កិច្ចការរបស់មន្ត្រីបោះឆ្នោត និងការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋក៏ដំណើរការល្អប្រសើរហើយដែរ។

លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានបញ្ជាក់ថា «បេសកកម្មរបស់យើង គឺសង្កេតមើលពីដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយមិនបានផ្ដោតលើការបានចូលរួម ឬមិនបានចូលរួមរបស់គណបក្សនយោបាយនោះទេ ប៉ុន្តែអ្វីដែលយើងបានមើលឃើញនោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺដំណើរការត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យហើយ»

លោក ប៉ារទីដូ បានឱ្យដឹងថា ដើមចមដែលជំរុញឱ្យលោកមកចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជានេះ នោះគឺប្រទេសហ្គីណេប៊ីសាវ និងប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចគ្នា មានការបោះឆ្នោតដូចគ្នា ដូច្នេះលោកក៏ចង់ដឹងអំពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដែរ៕