(បាត់ដំបង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឫស្សី បានអនុវត្តកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ដោយបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ហើយនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការថែរក្សានូវសេចក្តីសុខសាន្ត និងការជំរុញការរីកចម្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕