(ភ្នំពេញ)៖ ដើម្បីចូលរួមបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ក្នុងសង្គមប្រជាធិបតេយ្យ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក បណ្តាញព័ត៌មាន Fresh News ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិក Fresh News និងក្រុមគ្រួសារទាំងអស់ បានចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ រួចហើយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ការបោះឆ្នោតត្រូវបានធ្វើឡើងនៅតាមមណ្ឌលរៀងៗខ្លួន ខណៈលោក លឹម ជាវុត្ថា និងកូនស្រី បានបោះឆ្នោត នៅការិយាល័យបោះឆ្នោតសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ។
ជាមួយនឹងការចូលរួមបោះឆ្នោតនេះ លោក លឹម ជាវុត្ថា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីហើយមិនទាន់បានបំពេញសិទ្ធិ សូមអញ្ជើញរូសរាន់ទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា ខណៈការបោះឆ្នោតនឹងបិទបញ្ចប់នៅម៉ោង៣រសៀល ខាងមុខនេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕