(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រួចរាល់ហើយ នៅការិយាល័យអនុវិទ្យាល័យសំរោង សង្កាត់សំរោង ក្រុងសំរោង ក្នុងនោះក៏មានមន្ត្រីរាជការ និងប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ជាបន្តបន្ទាប់នៅថ្ងៃដ៏មានសារសំខាន់នេះផងដែរ។
រដ្ឋបាលខេត្តឧត្តរមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ ខេត្តឧត្តរមានជ័យ មានគណបក្សនយោបាយចំនួន១១ចូលរួមប្រកួតប្រជែង និងមានការិយាល័យបោះឆ្នោតចំនួន ៤០៥ការិយាល័យ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ១៥,១១៦៨នាក់៕