(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញនូវមុខសញ្ញា និងភស្តុតាងមួយចំនួនដែលមានការសមគំនិតបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីធ្វើសកម្មភាពបំផុសញុះញង់ដើម្បីបំផ្លាញដល់ដំណើរការបោះឆ្នោត។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃរក្សាភាពស្ងៀមស្ងាត់ សម្រាប់ការបោះឆ្នោត រហូតមកពេលនេះ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងទៅបោះឆ្នោត សមត្ថកិច្ចបានធ្វើការតាមដានសកម្មភាពរបស់ក្រុមទុច្ចរិត ដែលមានចេតនាបង្កការញញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ មកដល់ពេលនេះសមត្ថកិច្ចបានរកឃើញ នូវមុខសញ្ញា និងភស្តតាងមួយចំនួនដែលសមគំនិតបំរើឧបាយកល ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគ្រុបតេឡេក្រាមឈ្មោះ “សប្បាយ” ធ្វើសកម្មភាពបំផុសញុះញង់ដើម្បីបំផ្លាញដល់ដំណើរការបោះឆ្នោត»។
លោកបានបន្តថា ដោយអនុវត្តតាមច្បាប់បោះឆ្នោត និងក្រមព្រហ្មទណ្ឌ ជនដែលបានប្រព្រឹត្តនូវបទល្មើសខាងលើ នឹងត្រូវប្រឈមចំពោះការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់តាមបទល្មើសជាក់ស្តែង។
ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់កុំជឿតាមការញុះញង់របស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិ០៣ជំនាន់ទៅប្រព្រឹត្តទង្វើផ្ទុយច្បាប់ ហើយសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នាតាមឆន្ទៈរៀងៗខ្លួន ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគ្មានការគំរាមកំហែង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សមត្ថកិច្ចក៏បានចាប់ខ្លួន បុគ្គលម្នាក់ ពាក់ព័ន្ធនឹងករណីខាងលើផងដែរ ខណៈដែលមនុស្សចំនួនទៀត ត្រូវបានកំណត់អត្តសញ្ញាណបានហើយ៕