(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ នៅការិយាល័យ បោះឆ្នោត សាលាបឋមសិក្សា សន្ធរម៉ុក រាជធានីភ្នំពេញ ។

សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។

គណបក្សទាំង ១៨នោះរួមមាន៖

១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ២៖ គណបក្ស ខ្មែរតែមួយ ៣៖ គណបក្ស សញ្ជាតិកម្ពុជា ៤៖ គណបក្ស ខ្មែររួបរួមជាតិ ៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ ៦៖ គណបក្ស កសិករ ៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី ៨៖ គណបក្ស ខ្មែរឈប់ក្រ ៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច ១០៖ គណបក្ស ធម្មាធិបតេយ្យ ១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ១២៖ គណបក្ស បំណងពលរដ្ឋ ១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៤៖ គណបក្ស ឯកភាពជាតិខ្មែរ ១៥៖ គណបក្ស ខ្មែរអភិរក្ស ១៦៖ គណបក្ស យុវជនកម្ពុជា ១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៨៖ គណបក្ស ប្រជាជនកម្ពុជា៕