(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រួចរាល់ហើយនៅការិយាល័យសាលាមត្តេយ្យ មាត់ទន្លេ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងនោះក៏មានមន្ត្រីរាជការ និងប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ជាបន្តបន្ទាប់នៅថ្ងៃដ៏មានសារសំខាន់នេះផងដែរ។
រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ ខេត្តស្វាយរៀង មានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៤១៥,៩២១នាក់៕