(កំពង់ឆ្នាំង)៖ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅខេត្តកំពង់ឆ្នាំងមានការិយាល័យបោះឆ្នោតសរុប៨១៨ការិយាល័យ ដោយមានប្រជាពលរដ្ឋទៅចូលរួម បោះឆ្នោតយ៉ាងច្រើន សន្ធឹកសន្ធាប់ បើទោះជាខេត្តកំពង់ឆ្នាំងនៅវេលាព្រឹកនេះមានភ្លៀងធ្លាក់តាំងពីព្រលឹមរហូតមកក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែបន្តទៅចូលរួមបោះឆ្នោតជាបន្តបន្ទាប់ផងដែរ។
លោកអភិបាលខេត្តបានលើកឡើងផងដែរថា ថ្ងៃនេះលោកមានមោទនភាពយ៉ាងក្រៃលែង ដោយឃើញប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានចេញមកបោះឆ្នោតយ៉ាងច្រើនកុះករ បើទោះជាក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកនេះមានភ្លៀងធ្លាក់តាំងពីព្រលឹមរហូតមកដល់ពេលនេះក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែបន្តចេញមកបោះឆ្នោតនៅតាមការិយាល័យរបស់ខ្លួនយ៉ាងច្រើនកុះករ។ រីឯសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំងខេត្តមកដល់ម៉ោងនេះ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយពាក់ព័ន្ធទៅនឹងករណីអសន្តិសុខណាមួយនៅតាមការិយាល័យបោះឆ្នោតនោះដែរ។
ទាំងនេះសរបញ្ជាក់ឲ្យឃើញថា ពីមួយអាណត្តិទៅមួយអាណត្តិប្រជាពលរដ្ឋរឹតតែមានការយល់ដឹងអំពីតម្លៃនៃការបោះឆ្នោតក្នុងនាមជាពលរដ្ឋល្អ ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីម៉ោងនេះរហូតដល់ម៉ោងបិទបញ្ចប់នៃការបោះឆ្នោតនាថ្ងៃនេះ នឹងមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតគ្រប់ៗគ្នាផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលលោកបានអញ្ជើញចេញទៅបោះឆ្នោតនៅតាមមូលដ្ឋានរបស់ខ្លួន និងសូមថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោត ប្រកបដោយលទ្ធផលជាវិជ្ជមានផងដែរ។
ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដែរថា ថ្ងៃនេះពួកគាត់បានបំពេញកាតព្វកិច្ចជាពលរដ្ឋរួចហើយដោយបានចេញមកបោះឆ្នោត ក្នុងនោះដែរពួកគាត់ក៏បានសង្កេតឃើញថា នៅតាមការិយាយភាគច្រើនមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ រីឯសន្តិសុខសណ្ដាប់ធ្នាប់វិញ គឺមានការយកចិត្តទុកដាក់ពីសមត្ថកិច្ចដែលធ្វើឲ្យពួកគាត់មិនមានការព្រួយបារម្ភ ដោយប្រព្រឹត្តទៅបានល្អប្រសើរ។ ចំណែកការបញ្ចេញទស្សនៈក្នុងការគូសសន្លឹកឆ្នោតវិញ គឺធ្វើឱ្យពួកគាត់មិនមានការភ័យខ្លាចនោះដែរ ដូច្នេះពួកគាត់អាចវិនិច្ឆ័យបានថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិទី៧នេះ គឺប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌ ១០០ ដូចអាណត្តិមុនៗនោះដែរ៕