(ភ្នំពេញ)៖ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កំពុងដំណើរការទៅដោយរលូន និងគ្មានបាតុភាពអសន្ដិសុខណាមួយកើតឡើងនោះឡើយ។
ប៉ុន្ដែពេលការបោះឆ្នោតកំពុងដំណើរការនេះ មានក្រុមជនជ្រុលនិយមមួយចំនួន បានគូសខ្វែងចោលលើកសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកត្នោត និងបំផុតឲ្យអ្នកដទៃប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ហើយបានបង្ហោះចែកចាយនៅតាមបណ្ដាញសង្គម Facebook។
ភ្លាមៗក្រោយមានបាតុភាពនេះ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវប្រមូលភស្ដុតាងចំពោះបុគ្គលទាំងឡាយណា ដែលបានប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចខាងលើ ដើម្បីយកមកចាត់ការតាមច្បាប់ ដោយគ្មានការលើកលែង។
លោក គឹម សន្ដិភាព បានថ្លែងយ៉ាងដូច្នេះថា «សមត្ថកិច្ចកំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាង ចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់នេះ ក្នុងបណ្តាញសង្គមនានា ដើម្បីចាត់វិធានច្បាប់ ដោយគ្មានការលើកលែង»។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕