(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានអញ្ជើញទៅបោះឆ្នោតរួចរាល់ហើយ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅការិយាល័យបោះឆ្នោត ក្នុងវិទ្យាល័យអន្លង់វែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងការិយាល័យនៅវិទ្យាល័យអន្លង់វែងនេះ មានប្រជាពលរដ្ឋកំពុងមកចូលរួមបោះឆ្នោតយ៉ាងកុះករ ឈរតម្រង់ជួរដោយមានសណ្តាប់ធ្នាប់ល្អរង់ចាំចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋដែលកំពុងរស់នៅលើទឹកដីមានសន្តិសុខ សន្តិភាព និងសិទ្ធិសេរីភាព ក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យពេញលេញ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។

ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕