(រតនគិរី)៖ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ជៀង អំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តរតនគិរី និងលោកស្រី អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តរតនគិរី បានទៅបោះឆ្នោតរួចហើយនៅការិយល័យបោះឆ្នោតវិទ្យាល័យសម្តេចឪ សម្តេចម៉ែ។
លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សខេត្តរតនគិរី និងលោកស្រី លោក គិត ទ្រី បេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលរតនគិរីនីតិកាលទី៧ បានទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧រួចហើយ នៅការិយល័យបោះឆ្នោតសាលាបឋមសិក្សាសិក្សា ប៊ូ ថង ទេសអន្លុង ក្នុងក្រុងបានលុង។
បើតាមលោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី ខេត្តរតនគិរីមានចំនួន៩ក្រុង-ស្រុក,មាន៥០ឃុំ/សង្កាត់ស្មើនឹង២៤៣ភូមិ ហើយមានប្រជាពលរដ្ឋដែលបានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួន១១៧,៦៥៧នាក់។មានការរិយាល័យបោះឆ្នោតសរុបចំនួន២៩៥ការិយាល័យ និងមានគណបក្សនយោបាយចំនួន១២ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣។
លោកបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ទាំង២៩៥ការិយាល័យ បានចាប់ផ្ដើមតាំងពីវេលាម៉ោង៧៖០០ព្រឹកមកម្លេះរហូតមកដល់ម៉ោង៩៖២៥នាទីបានចំនួន៣២.៩៤%ហើយមិនទាន់មានបាតុភាពអ្វីកើតឡើងនោះទេ គឺដំណើរការល្អប្រសើរ តាមបច្ចេក ទេសនិងបទបញ្ជារបស់ គ ជ ប។
ជាមួយគ្នានេះដែរគេសង្កេតឃើញ នៅតាមការិយាល័យរៀបចំការបោះឆ្នោតនីមួយៗ កំពុងតែមមាញឹកបំពេញការងាររបស់ខ្លួន ហើយប្រជាពលរដ្ឋកំពុងសម្រុកទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយ៕