(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច សហការជាមួយមន្រ្តី គ.ជ.ប បានឃាត់ខ្លួនជនល្មើសម្នាក់ បន្ទាប់ពីរូបគេបានចូលទៅបោះឆ្នោតហើយ មិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ ពោលបែរជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង ដែលមានចេតនាបំផ្្លាញការបោះឆ្នោត។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងការិយាល័យបោះឆ្នោតលេខ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។
ក្រោយខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕