(ភ្នំពេញ)៖​ មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយរូបសុំមិនបញ្ចេញឈ្មោះ បានថ្លែងផ្តាំតាមរយៈអង្គភាព Fresh News ផ្ញើទៅលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី នារាត្រីថ្ងៃទី៣០ ខែកក្កដានេះថា «សូមលោកស្រី (ថាក់ ឡានី) កុំអាលឆាប់ភ័យពេក និងសូមកុំរត់ចោលស្រុក មុនតុលាការចាត់វិធានការតាមផ្លូវច្បាប់ ព្រោះនេះជាបណ្តឹងរបស់នាយករដ្ឋមន្រ្តីផ្ទាល់»

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់ទៀតថា​ សម្លេងប៉ុណ្ណឹងរបស់លោកស្រីនៅក្នុងវិដេអូឃ្លីប គឺគ្រប់គ្រាន់ កុំបាច់ព្យាយាមប្រកែកធ្វើអីនោះទេ, ចំណែកពាក្យបណ្តឹង និងការរៀបចំបោះឆ្នោតដកអភ័យឯកសិទ្ធិ របស់លោកស្រី (ថាក់ ឡានី) នឹងធ្វើឡើងនៅពេលឆាប់ៗនេះ។ ដោយឡែកសមត្ថកិច្ចនៅតាម ព្រំដែនក៏បានរៀបចំចាត់វិធានការអស់ហើយ ប្រសិនបើលោកស្រីមានបំណងរត់ចោលស្រុក, ព្រោះករណីនេះជាប់ពាក់ព័ន្ធ នឹងការប្តឹងផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការផ្តាំផ្ញើរបស់មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី បានបដិសេធ​តាមរយៈការផ្សាយរបស់អាស៊ីសេរី នាយប់ថ្ងៃទី៣០ ខែកក្កដានេះថា លោកស្រី​មិន​បាន​និយាយ​ថា សម្តេចតេជោ ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ដោយអ្នកស្រី​បញ្ជាក់​ថា វីដេអូ​ឃ្លិប ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ គឺ​ជា​ការ​កាត់​ត​សំឡេង​ដើម្បី​ទម្លាក់​កំហុស​លើ​លោកស្រី។

សូមជំរាបថា នៅរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសដល់ អង្គភាពព័ត៌មាន Fresh News ថា រាជរដ្ឋាភិបាលកម្ពជា បានសម្រេចប្រកាសប្តឹងសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម​ រង្ស៊ី មួយរូបឈ្មោះ ថាក់ ឡានី ដែលបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា ពាក្យបណ្តឹងនឹងធ្វើឡើងនៅពេលឆាប់ៗនេះ, ហើយសម្រាប់សមាជិកព្រឹទ្ធសភារូបនេះ មិនពិបាកនោះទេ សម្រាប់ការប្តឹង និងបោះឆ្នោតដកអភ័យឯកសិទ្ធិ, ដោយហេតុថា​ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មានសម្លេងលើស២ភាគ៣។

ការប្រកាសប្តឹងរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បាននិយាយតាមរយៈវិដេអូឃ្លីបមួយ ដែលមានរយៈពេលប្រមាណជិត២នាទីថា សម្តេចតេជោជាអ្នកសម្លាប់លោក កែម ឡី។ ការចោទប្រកាន់ទាំងងងឹតងងល់ពីសំណាក់ សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី រូបនេះ គឺជាទង្វើលាបពណ៌ដល់ធ្ងន់ធ្ងរបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

សូមទស្សនាវិដេអូឃ្លីប៖