(កំពត)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងភរិយាលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ នៅការិយាល័យលេខ០៨៨៥ នៅសាលាបឋមសិក្សា សម្ដេចតា ក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧នេះ មានការិយាល័យ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។
ដោយឡែកខេត្តកំពត ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង មានចំនួន៤២០,៥៤៨នាក់ ស្រី២៣១,០៤២នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន ៤២១,១១៩នាក់។ មានការិយាល័យបោះឆ្នោតសរុបចំនួន ១,០៥៤ការិយាល័យ។ មានអ្នកសង្កេតការណ៍ជាតិសរុប ៦,៣០០នាក់ ស្រី២,៨២៩នាក់ មកពីអង្គការ និងសមាគមន៍ចំនួន២០។
មានគណបក្សនយោបាយឈរឈ្មោះសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន០៥ គណបក្សនយោបាយ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឯកភាពជាតិខ្មែរ និងគណបក្សកម្លាំងប្រជាធិបតេយ្យ៕