(អ៊ីស្លាម៉ាបាដ)៖ ភ្ញៀវមួយក្រុមបានជិះឡានក្រុងតាមផ្លូវ ទៅចូលរួមក្នុងពិធីការមួយនៅតំបន់ Khyber ភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន ប៉ុន្តែជាអកុសល្យឡានក្រុង ដែលពួកគេជិះបានធ្លាក់ចូលទៅក្នុងជ្រោះ និងត្រូវទឹកកួចយកទៅបណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ និងមួយចំនួនទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយស៊ិនហួរនារសៀលថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦។
សារព័ត៌មានក្នុងស្រុកបានចេញផ្សាយផងដែរថា តំបន់ភ្នំ Bazar Zakhakhel ខាងលើនេះពិបាកនៅក្នុងការធ្វើដំណើរខ្លាំងណាស់ ក៏ព្រោះតែវាទើបបាន ទទួលរងនូវទឹកជំនន់មួយប្រាវកាលពីប៉ុន្មានថ្ងៃមុននេះ ដែលបានសម្លាប់ មនុស្សយ៉ាងហោចណាស់ក៏ ២០នាក់ដែរ។
គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ប៉ូលិសមិនបានដឹងពីចំនួនមនុស្សសរុប នៅក្នុងឡានក្រុងនោះទេ ប៉ុន្តែគេជឿជាក់ថាមនុស្សមួយចំនួនទៀត កំពុងបាត់ខ្លួននៅឡើយ ខណៈកងកម្លាំងសង្គ្រោះកំពុងបន្ត ស្វែងរកនៅតាមខ្សែទឹកហូរ៕