(កំពង់ធំ)៖ ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលមានរយៈ៥ឆ្នាំម្តងបានដល់ពេលវេលាហើយ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលខេត្ត ប្រជាពលដ្ឋ បានមកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ដើម្បីជ្រើសអ្នកដឹកនាំដែលខ្លួនពេញចិត្តសម្រាប់អភិវឌ្ឍន៍ប្រទេសបន្តទៅមុខទៀត ។

តាមការបញ្ជាក់របស់លោក ប្រែង សាវុធ ប្រធានគណកម្មារៀបចំការបោះឆ្នោតខេត្តកំពង់ធំបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រព្រឹត្តិទៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៥ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៧នេះ មាន៩ក្រុង ស្រុក ៨១ ឃុំ សង្កាត់ មានការិយាល័យបោះឆ្នោត១១៥២ការិយាល័យ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៤៥៦.៧០៥នាក់  មន្ត្រីការិយាល័យសរុបចំនួន ៦,៩១២នាក់ ស្រី ៣,៩០១នាក់ មាន ៣០នាក់ ស្រី២២នាក់ ជាជនជាតិភាគតិច និង១៨នាក់ ស្រី ៧នាក់ ជាជនពិការផងដែរ ភ្នាក់ងារសង្កេតការណ៍គណបក្ស៣.៥០៧នាក់ និងភ្នាក់ងារសង្កេតការណ៍ជាតិ២.២៤០នាក់។

លោកបន្តថា ដើម្បីធានាបាននូវអព្យាក្រឹតភាពជាមន្ត្រីបោះឆ្នោត មន្ត្រីទាំងអស់ដែលបានជ្រើសរើសចូលបម្រើការងារ បានធ្វើការសច្ចាប្រណិធាន ចំពោះទេព្តា និងវត្ថុស័ក្តិសិទ្ធិ ដោយប្តេជ្ញា និងអនុវត្តតាមបាវចនា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមក្រមសីលធម៌មន្ត្រីបោះឆ្នោត និងខិតខំបំពេញការងារដោយស្មោះត្រង់ មិនកេងប្រវញ្ចផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់បក្សពួកឡើយ។

លោកបានបន្ថែមទៀតថា មុនដំណើរការបោះឆ្នោតតាមការិយាល័យនីមួយៗបានអនុវត្តតាមនីតិវិធីនៃដំណើរការបោះឆ្នោតតាមដំណាក់កាលនីមួយៗ ដោយមានអ្នកសង្កេតការរបស់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល  សមាគមន៍នានា និងសារព័ត៌មាន ជាច្រើនបានកំពុងធ្វើការឃ្លាំមើលអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ ហើយគ្រប់ការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកដំណើរការ នៅវេលាម៉ោង៧ព្រឹក ដើម្បីទទួលប្រជាពលរដ្ឋអញ្ជើញមកចូលរួមបោះឆ្នោតតាមការិយាល័យនីមួយៗដែលមានឈ្មោះបោះឆ្នោត។

ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថាដំណើរការនៃការបោះឆ្នោតបានដំណើរការទៅដោយរលូន មានសន្តិសុខសុខល្អ ទំាងក្នុងនិងក្រៅការិយាល័យបោះឆ្នោត។ លោកបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្តមិនមានការបង្ខិតបង្ខំឬគាបសង្កត់នោះឡើយ៕