(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅការិយាល័យលេខ០៦០៥ នៃមណ្ឌលសាលាបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាក្នុងភូមិសាស្ត្រ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ទូទាំងខេត្តពោធិ៍សាត់ មានគណបក្សនយោបាយចំនួន១១ ដែលត្រូវចូលរួមប្រគួតប្រជែង ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោត ចំនួន៣០០,៣២៨នាក់, មានការិយាល័យបោះឆ្នោត ចំនួន៧៤៤ការិយាល័យ, អ្នកសង្កេតការណ៍ជាតិ មាន១៦ស្ថាប័ន ចំនួន១៤២៩នាក់ និងភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ មានចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួមរួមជាតិ។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញទៅកាន់មណ្ឌលបោះឆ្នោត នៃសាលាបឋមសិក្សាពោធិ៍សាត់ ក្នុងការិយាល័យលេខ០៦០៥នោះថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋទាំង៣០០,៣២៨នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ មកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតនាពេលនេះ ក៏ដូចការបោះឆ្នោតនាពេលកន្លងមក នៅក្នុងខេត្ត គឺបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សា ហើយមានអ្នកសង្កេតការណ៍ជាតិ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ របស់គណបក្សនយោបាយជាច្រើនរូប បានចូលរួមសង្កេតការណ៍តាមដាន និងពិនិត្យដំណើរការបោះឆ្នោតដោយហ្មត់ចត់បំផុត។
លោកបានថ្លែងបញ្ជាក់ថា កម្ពុជាដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ បានបន្តរៀបចំបោះឆ្នោត នៅរៀងរាល់៥ឆ្នាំម្តង ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាស ចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិ ក៏ដូចនៅក្នុងខេត្ត ដោយសេរី ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឱ្យកាន់តែរឹងមាំថែមទៀត។ លោកបានកត់សម្គាល់ឃើញថា ស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត្យ សេរី តម្លាភាព សន្តិភាព និងគ្មានអំពើហឹង្សា ប្រជាពលរដ្ឋនៅក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញលេញ នូវសិទ្ធរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ប្រកបភាពរីករាយ ថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់ ក្នុងភាពជាម្ចាស់ ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ឱ្យបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ បានបង្ហាញពីគោលបំណង អំពីការធានារក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ មិនឱ្យប្រទេសជាតិយើងមានសង្គ្រាមនោះឡើយ។
ក្នុងនាមរដ្ឋបាលខេត្ត លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់ថ្នាក់ គ្រប់ផ្នែក កងកម្លាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមអ្នកសង្កេតការណ៍ជាតិ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការណ៍ និងបង្កលក្ខណៈល្អគ្រប់ការិយាល័យបោះឆ្នោត ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាមោទនភាព នៃខេត្តពោធិ៍សាត់៕