(ក្រចេះ)៖ សមត្ថកិច្ចចម្រុះខេត្តក្រចេះ នៅម៉ោង២៖៣០នាទី រសៀល ថ្ងៃទី៣០ ខែក្កដា ឆ្នាំ២០១៦នេះ បានធ្វើការបង្ក្រាបរថយន្ដយីឌុកមួយគ្រឿង នៅផ្លូវជាតិលេខ៧ ចំណុចភូមិចង្រ្គង់ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលដឹកឈើលោតឆត្រ័បំរុងយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តព្រែវែង
លោក មីុ វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា កម្លាំងចម្រុះបានចូលរួមបង្ក្រាប មានផ្នែករដ្ឋបាលព្រៃឈើក្រចេះ សង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ អាវុធហត្តខេត្ត និងនគរបាលប៉ុស្ដិ៍រដ្ឋបាល។ មុនការបង្រ្កាបនេះ សមត្ថកិច្ចបានទទួលព័ត៌មានថាមានរថយន្ដដឹកឈើ មកពីលើដោយមានការសង្ស័យ ហើយលោកនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាកម្លាំង ចុះឃាត់រថយន្ដនោះតែម្តង ក្នុងនោះសមត្ថកិច្ចបានរកឃើញមានផ្ទុកឈើ ប្រភេទលេខ២ជាច្រើនមែត្រគូប។
លោក មីុ វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានបញ្ជាក់ទៀតថាឈើ និងរថយន្ដទាំងនោះ ត្រូវកម្លាំងចម្រុះនាំយកមករក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីពិន័យតាមច្បាប់៕