(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតក្នុងសាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រៅពីសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្សអញ្ជើញទៅបោះឆ្នោតនៅក្រុងតាខ្មៅហើយនោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនដទៃទៀត ក៏នឹងអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យនៅតាមបណ្តាខេត្តនានា ដែលជាទីតាំងចុះទៅពង្រឹងការងារផងដែរ។ ក្នុងនោះសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យអន្លង់ជ្រៃ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ, សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យអនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង, សម្តេចពិជ័យសេនា ទៀ បាញ់ បោះនៅវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ, សម្តេចកិត្តិសង្គហបណ្ឌិត មែន សំអន បោះនៅសាលាបឋមសិក្សាព្រះសីហនុ ក្នុងក្រុងស្វាយរៀង។ ដោយឡែកបេក្ខនាយករដ្ឋមន្ត្រីបន្តវេន លោក ហ៊ុន ម៉ាណែត បោះនៅសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។ គណបក្សទាំង ១៨នោះរួមមាន៖
១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្ស ខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្ស ខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្ស កសិករ
៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី
៨៖ គណបក្ស ខ្មែរឈប់ក្រ
៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច
១០៖ គណបក្ស ធម្មាធិបតេយ្យ
១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្ស បំណងពលរដ្ឋ
១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្ស ឯកភាពជាតិខ្មែរ
១៥៖ គណបក្ស ខ្មែរអភិរក្ស
១៦៖ គណបក្ស យុវជនកម្ពុជា
១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៨៖ គណបក្ស ប្រជាជនកម្ពុជា។
ចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ។ ខាងក្រោមនេះជាចំនួនអាសនៈនៅតាមមណ្ឌលបោះឆ្នោតទាំង២៥រាជធានី-ខេត្ត៖
• មណ្ឌលរាជធានីភ្នំពេញ មាន ១២អាសនៈ
• មណ្ឌលខេត្តបន្ទាយមានជ័យ មាន ៦អាសនៈ
• មណ្ឌលខេត្តបាត់ដំបង មាន ៨អាសនៈ
• មណ្ឌលខេត្តកំពង់ចាម មាន ១០អាសនៈ
• មណ្ឌលខេត្តកំពង់ឆ្នាំង មាន ៤អាសនៈ
• មណ្ឌលខេត្តកំពង់ស្ពឺ មាន ៦អាសនៈ
• មណ្ឌលខេត្តកំពង់ធំ មាន ៦អាសនៈ
• មណ្ឌលខេត្តកំពត មាន ៦អាសនៈ
• មណ្ឌលខេត្តកណ្តាល មាន ១១អាសនៈ
• មណ្ឌលខេត្តកោះកុង មាន ១អាសនៈ
• មណ្ឌលខេត្តក្រចេះ មាន ៣អាសនៈ
• មណ្ឌលខេត្តមណ្ឌលគិរី មាន ១អាសនៈ
• មណ្ឌលខេត្តព្រះវិហារ មាន ១អាសនៈ
• មណ្ឌលខេត្តព្រៃវែង មាន ១១អាសនៈ
• មណ្ឌលខេត្តពោធិ៍សាត់ មាន ៤អាសនៈ
• មណ្ឌលខេត្តរតនគិរី មាន ១អាសនៈ
• មណ្ឌលខេត្តសៀមរាប មាន ៦អាសនៈ
• មណ្ឌលខេត្តព្រះសីហនុ មាន ៣អាសនៈ
• មណ្ឌលខេត្តស្ទឹងត្រែង មាន ១អាសនៈ
• មណ្ឌលខេត្តស្វាយរៀង មាន ៥អាសនៈ
• មណ្ឌលខេត្តតាកែវ មាន ៨អាសនៈ
• មណ្ឌលខេត្តកែប មាន ១អាសនៈ
• មណ្ឌលខេត្តប៉ៃលិន មាន ១អាសនៈ
• មណ្ឌលខេត្តឧត្តរមានជ័យ មាន ១អាសនៈ
• មណ្ឌលខេត្តត្បូងឃ្មុំ មាន ៨អាសនៈ។
ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា៖
ការបោះឆ្នោតនៅកម្ពុជាតាមលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមឡើងជាថ្មីនៅឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
ការបោះឆ្នោតលើកទី១ ឆ្នាំ១៩៩៣ មានការជួយជ្រោមជ្រែងរៀបចំដោយអង្គការសហប្រជាជាតិ។ អាណត្តិទី១ អាសនៈនៅរដ្ឋសភាមានចំនួន១២០ មានគណបក្សនយោបាយចំនួន ៤បានចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួល ៥៨អាសនៈ, គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥១អាសនៈ, គណបក្សប្រជាធិបតេយ្យព្រះពុទ្ធសាសនារបស់លោកតា សឺន សាន ទទួលបាន ១០អាសនៈ និងគណបក្សម៉ូលីកា របស់លោក អៀង ម៉ូលី ទទួលបាន ១អាសនៈ។
សម្រាប់អាណត្តិទី២ ឆ្នាំ១៩៩៨ អាសនៈនៅរដ្ឋសភាបានកើនឡើងដល់១២២ ហើយមានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែង តែគណបក្សតែ៣ប៉ុណ្ណោះទទួលបានអាសនៈ រួមមាន គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៤អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤៣អាសនៈ និងគណបក្ស សម រង្ស៊ី ទទួលបាន ១៥អាសនៈ។
សម្រាប់អាណត្តិទី៣ ឆ្នាំ២០០៣ អាសនៈរដ្ឋសភា បានកើនដល់ ១២៣។ អាណត្តិទី៣នេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែង តែគណបក្សតែ៣ប៉ុណ្ណោះ ទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣អាសនៈ, គណបក្សសមរង្ស៊ី ទទួលបាន ២៤អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៦អាសនៈ។
អាណត្តិទី៤ ឆ្នាំ២០០៨ អាសនៈនៅតែ ១២៣ដដែល គណបក្សនយោបាយចូលរួមប្រកួតប្រជែងមានចំនួន១១គណបក្ស។ តែគណបក្សទទួលបានអាសនៈមានតែ៥ប៉ុណ្ណោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩០អាសនៈ គណបក្សសមរង្ស៊ី ទទួលបាន ២៦អាសនៈ គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣អាសនៈ គណបក្សនរោត្តម រណឫទ្ធិ ទទួលបាន ២អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ២អាសនៈ។
អាណត្តិទី៥ ឆ្នាំ២០១៣ អាសនៈនៅរដ្ឋសភាមានចំនួន ១២៣ដដែល គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ៨គណបក្ស។ តែមានគណបក្សនយោបាយតែពីរប៉ុណ្ណោះទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ និងសង្គ្រោះជាតិទទួលបាន ៥៥អាសនៈ។
សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨កន្លងទៅនេះវិញ អាសនៈនៅរដ្ឋសភាកើនឡើងចំនួនពីរអាសនៈ ឡើងដល់ ១២៥ គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ២០គណបក្ស។ ប៉ុន្តែអាសនៈនៅរដ្ឋសភា បានទៅលើគណបក្សប្រជាជនកម្ពុជាទាំង ១២៥អាសនៈ៕