(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងនាមប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរដល់គជបខេត្ត កងកម្លាំងទាំងបី មន្ទីអង្គភាពរជុំវិញខេត្ត ដែលបានបំពេញភារៈកិច្ចការពាររៀបចំសណ្តាប់ធ្នាប់ ផ្តល់នូវសន្តិសុខបានយ៉ាងល្អ ក្នុងរយៈ២១ថ្ងៃ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនិតិកាលទី៧ របស់គណបក្សទាំង៩ ដែលបានធ្វើការប្រកួតប្រជែងប្រកបដោយភាពជោគជ័យ ហើយកម្លាំងទាំងអស់ត្រូវបន្តផ្តល់នូវសន្តិសុខបន្ថែមទៀត រហូតដល់ថ្ងៃរាប់សន្លឹកបញ្ចប់នោះ ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍បែបនេះ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំ(ក)សាលាខេត្ត ក្នុងឳកាសអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ស្តីពីការវាយតម្លៃលើការងារបោះឆ្នោតក្នុងខេត្តត្បូងឃ្មុំ។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានថ្លែងការកោតសរសើរ ដល់កម្លាំងរបស់រដ្ឋបាលខេត្តដែលបានបំពេញភារកិច្ចតាមឋានានុក្រមរៀងៗខ្លួនក្នុងយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយទាំង៩ ក្នុងខេត្ត ។
លទ្ធផលល្អប្រសើរនេះ គឺបានមកពីការខិតខំរបស់កម្លាំងយើងទាំងអស់គ្នា ដែលបានគោរពបទបញ្ជាដែលគណៈបញ្ជាការឯកភាពខេត្តដាក់ជូន ភាពជោគជ័យនេះកម្លាំងធ្វើបន្តនិងការពារឲ្យបានរហូតដល់ការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់ ។
ជាងនេះទៀត គ្រប់ស្រុក/ក្រុងទាំងអស់ក្នុងខេត្ត ត្រូវផ្តល់ឥទ្ធិភាពដល់ពលរដ្ខទាំងអស់ធ្វើយ៉ាងណាឲ្យពួកគាត់បានទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីអាក់ខានឡើយ។
លោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានថ្លែងថា ក្នុងរយៈពេល២១ថ្ងៃខេត្តត្បូងឃ្មុំ ទិដ្ឋភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតប្រកបទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងគួរឲ្យកត់សំគាល់ទេ ។ ក្នុងនោះមានគណបក្សនយោបាយចំនួន៩ដែលបានឈរឈ្មោះបោះឆ្នោត គណបក្សចំនួន៦បានធ្វើការឃោសនារកសម្លេងឆ្នោត និង៣គណបក្សទៀតមិនបានធ្វើការឃោសនាបោះឆ្នោតនោះទេ មានគណបក្សខ្មែរតែមួយ គណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ។
លោក បញ្ជាក់ថា ដំណើរការបោះឆ្នោតប្រព្រឹតទៅនៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវមានឯកសារទៅបោះឆ្នោត មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ខេត្តត្បូងឃ្មុំមាន៧ស្រុក/ក្រុង មាន៦៤ឃុំ/សង្កាត់ មានការិយាល័យចំនួន ១៣២១ការិយាល័យ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានថ្លែងថា ក្នុងរយៈពេល២១ថ្ងៃ ដែលជាថ្ងៃពិសេសសម្រាប់គណៈនយោបាយធ្វើការឃោសនាសារនយោបាយរបស់គណបក្សទាំង៩ ដល់គ្រប់មូលដ្ឋានទាំងអស់ក្នុងខេត្តរបស់យើងប្រកបដោយជោគជ័យ សភាពការទូទៅមានលក្ខណៈល្អប្រសើរ មិនមានអ្វីកើតឡើងធ្វើឲ្យប៉ះពាល់ដល់ដំណើរការឃោសនាឡើយ ។
លោក បញ្ជាក់ថាកងកម្លាំងទាំងបី បានរួមសហការគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ទូទាំងខេត្តបានជោគជ័យគួរកត់សំគាល់ ដែលជាមោទនភាពមួយរបស់កងកម្លាំងក្រោមការដឹកនាំរបស់លោកបណ្ឌិតអភិបាលខេត្ត ។ ហើយក្នុង៧ស្រុក/ក្រុងរបស់ខេត្ត យើងបានដាក់កម្លាំងទាំងបី២១០នាក់ និងកម្លាំងប្រជាការពារចំនួន២១០នាក់ផងដែរ ។ សម្រាប់ការពារដល់ដំណើរការបោះឆ្នោតរបស់យើង អ្វីជាការសំណូមពររបស់ គជប ខេត្ត និងយោបល់ណែនាំរបស់លោកអភិបាលខេត្ត កងកម្លាំងយើងប្តេជ្ញាចិត្តអនុវត្តន៍ការសំណូមពរ តាមបទបញ្ជាឲ្យបាន ៕