(ស្វាយរៀង)៖ បន្ទាប់ពីបានចុះពិនិត្យការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ នៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួចមក លោក លឹម គានហោ បានអញ្ជើញបន្តដំណើរចុះពិនិត្យការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ កីចក ជំហានទី ៦ ស្ថិតក្នុងខេត្តស្វាយរៀង។
សូមរំលឹកថា ប្រព័ន្ធធារាសាស្ត្រកីចក គឺជាប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០.០០០ហិកតា ក្នុងស្រុកក្រុង ចំនួន ០៦ របស់ខេត្តស្វាយរៀង គឺស្រុករមាសហែក រំដួល ស្វាយទាប កំពង់រោទ៍ ចន្ទ្រា ក្រុងស្វាយរៀង និងក្រុងបាវិត។
ដោយសារតែវិសាលភាពនៃគម្រោង គ្របដណ្តប់លើផ្ទៃដីធំទូលំទូលាយបែបនេះហើយ ទើបការអនុវត្តគម្រោងនេះ ត្រូវប្រព្រឹត្តទៅជាជំហានៗ។
ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ការអនុវត្តគម្រោងជំហានទី១ ដល់ទី៥ ត្រូវបានបញ្ចប់ជាស្ថាពរ។ សមិទ្ធផលការងារទាំង៥ជំហាននេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកដល់ដីស្រែ របស់បងប្អូនប្រជាកសិករនៅតំបន់នោះ។
ទោះជាបែបនេះក្តី ការអនុវត្តគម្រោងនេះ មិនទាន់ត្រូវបានបញ្ចប់ទាំងស្រុងនោះទេ ជាក់ស្តែង ក្នុងឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តអនុវត្តគម្រោងក្នុងជំហានទី៦ ជាបន្តទៀត ដោយមានការងារសំខាន់មួយចំនួនដូចជា៖
១. សាងសង់ស្ថានីយបូម ចំនួន០១កន្លែង ដោយបំពាក់ម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួន០៣គ្រឿង ដើម្បីបូមនៅពេលដែលមានទឹកជោរឡើង។
២. សាងសង់ទំនប់សណ្តរស្ទឹងកំពង់ត្រាច ដើម្បីឱ្យស្ទឹងនេះ បង្កើនសមត្ថភាពស្តុកទឹកបានកាន់តែច្រើនជាងមុន។
៣. សាងសង់ទីស្នាក់ការសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន០១ខ្នង។
៤. លើកក្រិតកំពស់ទំនប់បង្ហៀរស្ទឺងអន្លុងកី ដើម្បីបង្កើនសមត្ថភាពបញ្ចាល់ទឹក។
៥. ជីកប្រឡាយមេ និងប្រឡាយរង ជាច្រើនខ្សែ ដើម្បីទាញទឹកឱ្យចូលដល់ស្រែរបស់បងប្អូនប្រជាកសិករ៕