(ភ្នំពេញ)៖ ចាប់ពីដើមខែសីហា ឆ្នាំ២០២៣ខាងមុខ​នេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់ស្ត្រីដែលជាមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា មន្រ្តីកម្មសិក្សា កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអារយុ២ឆ្នាំ ​ចំនួនប្រមាណ ១ ៥២០ ០០០ រៀលរហូតដល់ ២ ៧២០ ០០០រៀល ដោយនឹងគិតតាមចំនួនកូន និងលក្ខខណ្ឌពាក់ចាំបាច់មួយចំនួនទៀត ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀត ស្របតាមគោលនយោបាយជាតិគាំពារសង្គម។

ការតម្លើងកម្រិតប្រាក់ឧបត្ថម្ភនេះ បន្ទាប់ពីររាជរដ្ឋាភិបាលបានប្រកាស ពង្រីកកិច្ចគាំពារសង្គមបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១០០០ថ្ងៃ ដំបូងនៃជីវិត។

​រាជរដ្ឋាភិបាលតែងតែគិតគូរជាប់ជានិច្ច លើការអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយជាតិគាំពារសង្គម និងផែនការអវិវឌ្ឍជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ អគ្គមគ្គុទេសក៍ឯកសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធី ឬរបបនានា ដើម្បីគាំពារដល់ពលរដ្ឋកម្ពុជា ជាពិសេសស្រ្តីមានផ្ទៃពោះ ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និងការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាព ជូនមន្រ្តីរាជការជាស្រ្តីសម្រាលកូនជាដើម។

​សម្រាប់នីតិវិធីនៃការបើកផ្តល់ថា ការបើផ្តល់ចែកចេញជា៣ ដំណាក់កាល ដោយដំណាក់កាលទី១ ជាដំណាក់កាលមកពិនិត្យផ្ទៃពោះមុនសម្រាល ៤លើក, ដំណាក់កាលទី២ ពេលសម្រាល និងដំណាក់កាលទី៣ ជាដំណាក់កាលយកកូនមកពិនិត្យសុខភាព និងទទួលវ៉ាក់សាំងបង្ការបន្ទាប់ សរុបចំនួន១០ដង ដោយគោរពតាមលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣​ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ​ ដើម្បីចូលរួមលើកកម្ពស់សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។ ​

ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែម ជូនស្រ្តីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្រ្តី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន នាពេលអនាគត។

សូមជម្រាបថា រាជរដ្ឋាភិបាលកំពុងអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដោយកម្មការិនីមានផ្ទៃពោះ ទទួលបានការឧបត្ថម្ភសរុប ៧៦ម៉ឺនរៀល។ ការឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលនេះចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន១០ដង ក្នុងមួយដង ៤ម៉ឺនរៀល។

ប៉ុន្តែចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ រាជរដ្ឋាភិបាលនឹងកម្រិតប្រាក់ឧបត្ថម្ភថ្មី សម្រាប់កម្មករនិយោជិតជាស្រ្តី គឺទទួលការបើកផ្តល់ប្រាក់ ៨០ ០០០ រៀលក្នុង១ដង សម្រាប់ការពិនិត្យផ្ទៃពោះ មុនពេលសម្រាលចំនួន៤ដង និងក្រោយសម្រាលចំនួន ១០ដង រហូលដល់កូនមានអាយុ២ឆ្នាំ និងបើកផ្តល់ ៨០០ ០០០ រៀល សម្រាប់ការសម្រាលកូន១ និងបូកបន្ថែម ៤០០ ០០០ រៀល សម្រាប់កូនភ្លោះទី២ និងកូនភ្លោះទី៣ និងជាបន្តបន្ទាប់៕