(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤០នាក់ មកពីអង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី(អាយកាប់-ICAPP) និងស្ថាប័នផ្សេងៗ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិក និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

ជំនួបសំណេះសំណាលនេះធ្វើឡើង ដើម្បីស្វែងយល់អំពីគោលនយោបាយ និងយុទ្ធសាស្រ្តនយោបាយរបស់បក្សទាំងពីរ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ២០២៣។ ជំនួបនេះគឺជាផ្នែកមួយនៃការសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ដើម្បីធានាឲ្យបាននូវការបោះឆ្នោតមួយដែលត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា៕