(ភ្នំពេញ)៖ ដូចលោកអ្នកដឹងហើយថា ជំងឺកូវីដ១៩ គឺជាជំងឺមួយ ដែលបង្កជាវិបត្តិសាកលយ៉ាងធំធេង ដែលបានកើតឡើងនៅឆ្នាំ២០១៩ និងបានធ្វើឲ្យប្រជាជនលើពិភពលោកភ័យខ្លាច ខណៈមនុស្សជាច្រើនក៏បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដ៏កាចសាហាវនេះផងដែរ។

ដើម្បីធ្វើសង្គ្រាមជាមួយសត្រូវដែលគ្មានស្រមោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ បានប្រកាសយកចិនជាបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ហើយរដ្ឋាភិបាលចិនក៏បានជួយទាំងជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់តាមរយៈការបញ្ជាទិញ។

ក្រោយបានវ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រចាក់វ៉ាក់សាំង «ផ្ការីក» ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។ រាជរដ្ឋាភិបាល ក៏ដាក់ចេញបទដ្ឋានគតិយុត្តនានាជាច្រើនទៀត ដើម្បីឲ្យយន្តការទប់ស្កាត់កូវីដ១៩ កាន់តែមានប្រសិទ្ធភាព ហើយកម្ពុជាពិតជាអាចយកឈ្នះកូវីដ១៩ បានពិតមែន។

ប្រការនេះហើយ ទើបបានជាមានពាក្យមួយឃ្លាថា «យកឈ្នះកូវីដ១៩ មិនមែនជារឿងចៃដន្យនោះទេ តែជាយុទ្ធសាស្ត្រជាក់លាក់របស់សម្តេចតេជោ ហ៊ុន សែន»។

បើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកឆ្លងកូវីដ១៩ នោះទេ។ គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៨,៩៣៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៨៧៧នាក់ និងស្លាប់សរុបចំនួន ៣,០៥៦នាក់។

គិតត្រឹមយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៣,១៥៨នាក់។

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៨,៨៣១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៣២៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៨៦៨នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៣៤៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១០,៧៨៨នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧២៤,៩៨៥នាក់, ដូសទី៤ចំនួន ៥,៣១៦,៤៥៧នាក់, ដូសទី៥ចំនួន ១,៩៦៧,២៥៧នាក់ និងដូសទី៦ចំនួន ៤៩២,៥៣១នាក់។

សូមជម្រាបថា ក្នុងចំណោមប្រទេស១២១ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេស ដែលបានងើបចេញពីជំងឺកូវីដ-១៩ និងបានដំណើរការជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័ស។ នេះបើតាមរបាយការណ៍ សារព័ត៌មាន Nikkei Asia ដែលចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជ័យជម្នះប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ៕