(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញដល់គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ អំពីការរៀបចំអ្នកដឹកនាំបន្តវេនរបស់កម្ពុជា ដើម្បីបន្តនិរន្តរភាព និងស្ថិរភាពទាំងនយោបាយ និងសេដ្ឋកិច្ច។
ការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៨៥នាក់ ក្នុងចំណោមអ្នកសង្កេតការអន្តរជាតិ ៣៣៤រូប មកពីប្រទេសចំនួន៦៥ ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្រុមអ្នកសង្កេតការអន្តរជាតិទាំងនេះ មានមកពីអង្គការអន្តរសភា តំណាងរដ្ឋាភិបាល អង្គការអន្តរជាតិនានា អង្គការអ្នកសង្កេតការណ៍ឯករាជ្យមកពីប្រទេសមួយចំនួន ដូចជាបារាំង ជប៉ុន និងអ៉ីស្រាអែល សង្គមស៊ីវិល ព្រមទាំងអានិកជនខ្មែរមកពីក្រៅប្រទេស ព្រមទាំងមានសារព័ត៌មានអន្តរជាតិផងដែរ។ ក្នុងចំណោមអ្នកសង្កេតការអន្តរជាតិទាំងនោះ មានអតីតប្រមុខរដ្ឋ អតីតនាយករដ្ឋមន្ត្រី អតីតប្រធានសភា និងអនុប្រធានសភា ហើយក៏មានប្រធានសភានៅក្នុងតំណែងគឺម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីនៅក្នុងតំណែងប្រទេសហ្គីណេប៊ីសាវ, ប្រធានCDI ដែលជាអតីតប្រធានាធិបតីកូឡាំបី អតីតប្រធានាធិបតីនីសេរីយា អតីតប្រធានាធិបតីនេប៉ាល់ អតីតប្រធានាធិបតីសិរីលង្កា អតីតប្រធានាធិបតីហ្គីណេប៊ីសាវ, អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងអតីតប្រធានាធិបតីអេក្វាទ័រផងដែរ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអ្នកសង្កេតការអន្តរជាតិ ដែលបានមកចូលរួមពិនិត្យ និងតាមដានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចបានកត់សម្គាល់ថា នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការអន្តរជាតិចូលរួមច្រើនជាងការបោះឆ្នោតនាពេលកន្លងទៅ។
គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ បានចាប់អារម្មណ៍ចំពោះសភាពការណ៍ល្អប្រសើរនៅក្នុងប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនរបស់កម្ពុជា ដោយគណៈប្រតិភូទាំងនោះបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ចនយោបាយ និងការអភិវឌ្ឍជាពិសេសមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធល្អស្អាត សណ្ដាប់ធ្នាប់ល្អ ហើយប្រជាជនទៀតសោតក៏រស់នៅដោយមានទឹកមុខរីករាយ ដែលបង្ហាញពីជីវភាពល្អប្រសើរជាលំដាប់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីតម្លៃរបស់មន្ត្រីគណបក្ស ដែលគណបក្សបានដាក់ចេញនូវវិន័យយ៉ាងតឹងរឹង ដោយបានលុបបំបាត់អំពើពុករលួយក្នុងការទិញដូរតំណាងរាស្ត្រ ដែលធ្លាប់មាននៅក្នុងប្រទេសខ្លះតាមរយៈការបោះឆ្នោតជាឯកតនាម ដែលការបោះឆ្នោតប្រភេទនេះអាចធ្វើឲ្យ បេក្ខជនដែលជាប់ឆ្នោតអាចផ្ទេរពីគណបក្សមួយទៅគណបក្សមួយ ដើម្បីចូលទៅបង្កើតរដ្ឋាភិបាល។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់អ្នកសង្កេតការអន្តរជាតិ អំពីការរៀបចំរបស់សម្ដេចក៏ដូចជាគណបក្សប្រជាជន ក្នុងការត្រៀមអ្នកដឹកនាំបន្តវេន ដោយអនុញ្ញាតឲ្យអ្នកជំនាន់ក្រោយដែលមានការសិក្សាខ្ពង់ខ្ពស់ មានការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល បន្តការដឹកនាំពីអ្នកជំនាន់ចាស់ ដែលទាំងអស់នេះ គឺជាការត្រៀមដើម្បីបន្តនិរន្តរភាព ស្ថិរភាពទាំងនយោបាយ និងសេដ្ឋកិច្ច ចៀសសវាងនូវការមានការរំជើបរំជួល នាំមានសង្គ្រាម ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់គណៈប្រតិភូអំពីដំណើរការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលសម្ដេចជានាយករដ្ឋមន្ត្រី តែងតែប្រកាសអំពីកាលបរិច្ឆេទច្បាស់លាស់កន្លងមក។ ឯកាសម្រេចការផ្លាស់ប្ដូរវេនយ៉ាងណានោះ គឺអាស្រ័យនៅលើលទ្ធផលនៃការបោះឆ្នោត ក៏ដូចជាការសម្រេចចិត្ត នៅពេលខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរអំពីគម្រោងកាលបរិច្ឆេទ ដែលរាជរដ្ឋាភិបាលថ្មី អាចនឹងបង្កើតឡើង ដើម្បីមានលទ្ធភាពក្នុងការចូលរួមកិច្ចប្រជុំសំខាន់ៗនៅពេលខាងមុខ ជាពិសេសកិច្ចប្រជុំអាស៊ាន ដែលនឹងធ្វើឡើងនៅដើមខែកញ្ញា ឆ្នាំ២០២៣។
សម្ដេចតេជោ ក៏បានបង្ហើបផងដែរថា គណៈរដ្ឋមន្ត្រីថ្មីដែលនឹងបង្កើតឡើងដោយអាស្រ័យទៅលើលទ្ធផលនៃការបោះឆ្នោត ដែលមានសេនារីយ៉ូ គឺសម្ដេចតេជោអាចនឹងបន្ត ឬក៏រដ្ឋាភិបាលថ្មីដែលមាននាយករដ្ឋមន្ត្រីថ្មីចាប់ផ្ដើម ដែលទាំងនេះ គឺជាការគិតគូរយ៉ាងម៉ត់ចត់របស់សម្ដេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបានស្ថិរភាព និរន្តរភាព និងសន្តិភាព និងការអភិវឌ្ឍដោយមិនមានឧបសគ្គណា បង្កឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិឡើយ។
គណៈប្រតិភូទាំងអស់ បន្ទាប់ពីបានស្ដាប់នូវការបង្ហាញរបស់ សម្ដេចតេជោ បានសម្ដែងនៅការពេញចិត្ត និងបានរៀនសូត្រពីបទពិសោធន៍ និងភាពឆ្លៀសវៃរបស់សម្ដេចក្នុងការដឹកនាំប្រទេស ដល់យូលង់នេះប្រកបដោយភាពមុឺងម៉ាត់ ដោយបាននាំប្រទេសពីសង្គ្រាមមករកសន្តិភាព ពីការបែកបាក់មកជាការរួបរួមគ្នាជាធ្លុងមួយ រស់នៅដោយសុខដុមរមនា ហើយមានការអភិវឌ្ឍ សេដ្ឋកិច្ច នយោបាយខណៈជីវភាពប្រជាជន ត្រូវបានលើកតម្កើង ហើយគណៈប្រតិភូទាំងអស់ សុទ្ធតែបានជូនពរសម្ដេច ឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕