(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ២ករណី នៅក្នុងក្រុងប៉ោយប៉ែត តាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឆាន់ សុខចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ន ប៊ុនធឿន (ហៅខូច) អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់បានរួមមាន៖ ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-6042 ចំនួន១គ្រឿង (ប្រគល់ជូនម្ចាស់ដើមវិញ), ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង (រក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម)។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនសង្ស័យបានលួចម៉ូតូប្រជាពលរដ្ឋចំនួន២លើក ដោយលើកទី១ កើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖៣០នាទី។ ពេលនោះជនសង្ស័យបានលួចម៉ូតូ របស់ប្រជាពលរដ្ឋម្នាក់នៅចំណុចផ្សារយួន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លើកទី២ កើតឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖៣០នាទី ជនសង្ស័យបាន លួចម៉ូតូមួយគ្រឿងទៀតនៅចំណុចភូមិក្បាល ស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីឃាត់ខ្លួន និងសួរចំឡើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ២លើកពិតប្រាកដមែន។ ក្រោយលួចបានខ្លួនយកម៉ូតូទៅបញ្ចាំ ដើម្បីយកលុយលេងល្បែង និងទិញគ្រឿងញៀន យកមកប្រើប្រាស់ តែមិនទាន់បានបញ្ចាំផង ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។
ជនសង្ស័យបានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន៣លើករួចមកហើយ ដោយពាក់ព័ន្ធករណី លួចចំនួន០២លើក និងករណី គ្រឿងញៀន ចំនួន០១លើក។ ដោយផ្អែកលើចំឡើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនជនសង្ស័យ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
សង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ ចំណែកមួយគ្រឿងទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដើម៕