(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជួបជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារនៅក្នុងស្រុករលាប្អៀរ ប្រមាណជាង៥០០នាក់ ដែលមានតួនាទីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងថ្ងៃបោះឆ្នោត ដើម្បីពង្រឹងបន្ថែមផ្នែកសន្តិសុខ ដែលត្រូវការពារផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត។
ការជួបពង្រឹងដល់កម្លាំងការពារសន្តិសុខខាងលើនេះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកស្រី នួន ចាន់នី ប្រធានគណៈកម្ម ការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុក និងលោកមេឃុំទាំង១៤ឃុំ ក្នុងស្រុករលាប្អៀរផងដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនប្រជាការពារដែលកន្លងមកទោះគ្មានប្រាក់ខែ តែបានខិតខំបំពេញភារកិច្ចសហការជាមួយមន្ត្រីនគរបាល ការពារសណ្ដាប់ធ្នាប់សន្តិសុខ នៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
ជាក់ស្ដែងនៅក្នុងថ្ងៃនេះ បងប្អូនប្រជាការពារចំនួន៣០៨នាក់, កងកម្លាំងនគរបាល១៧៧នាក់, កងរាជអាវុធហត្ថ១ ០នាក់ និងយោធាស្រុក១០នាក់ សរុបជាង៥០០នាក់ ដែលមានភារកិច្ចចុះទៅតាមគោលដៅ ដើម្បីរក្សាការពារ សណ្ដាប់ធ្នាប់ និងសន្តិសុខនៅតាមការិយាល័យបោះឆ្នោត ចំនួន១៦៦ការិយាល័យ នៅក្នុងស្រុករលាប្អៀរ។ ដូច្នេះសូមបងប្អូនទាំងអស់ត្រូវរក្សាវិន័យរបស់កងកម្លាំងឲ្យបានល្អ កុំហូបគ្រឿងស្រវឹង គឺត្រូវការពារតាមការិយា ល័យបោះឆ្នោត ដោយអនុវត្តតាមគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យទទួលបានលទ្ធផលល្អ។
ក្នុងនោះដែរ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា សម្រាប់ខេត្តកំពង់ឆ្នាំង មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន១៤គ ណបក្ស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួ ន៣៥៩.៦៩៨នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន៨១៨ការិយាល័យ។ ឯការបោះឆ្នោត នឹងដំណើរការចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៣៖០០នាទីរសៀល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្ងៃស្អែកនេះ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងជានាយសេនាធិការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជូនកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សរុបចំនួន១.៩០៧នាក់ ក្នុងនោះមានកងកម្លាំងនគរបាលចំនួន១.១៥៧នាក់ និងប្រជាការពារសរុបចំនួន ៧៥០ នាក់ សហការគ្នាចុះការពារតាមគោលដៅការិយាល័យបោះឆ្នោតទាំង៨១៨កន្លែង នៅទូទាំងខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តដែលបានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត ឃុំសង្កាត់របស់ខ្លួនឲ្យបានគ្រប់ៗគ្នា និងសូមកុំពិសាគ្រឿងស្រវឹងនៅថ្ងៃស គឺថ្ងៃទី២២នេះ និងនៅថ្ងៃបោះឆ្នោតផងដែរ៕