(មណ្ឌលគិរី)៖ មន្ត្រី គ.ជ.ប នៅព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៣នេះ បានប្រើសត្វដំរី និងម៉ូតូ ដើម្បីដឹកជញ្ជូនហិបឆ្នោតទៅកាន់ការិយាល័យលេខ០០៨៣ ដែលចំនួនអ្នកបោះឆ្នោត ១៧៣នាក់ ស្ថិតក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សម្រាប់ការធ្វើដំណើរដឹកហិបឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតនេះ គឺប្រើប្រាស់រយៈពេល៣ម៉ោង។ ការប្រើប្រាស់សត្វដំរី ដើម្បីដឹកសន្លឹកឆ្នោតនេះដោយសារតែស្ថានភាពឆ្ពោះទៅកាន់ការិយាល័យបោះឆ្នោត គឺមានការលំបាកខ្លាំងដោយសារត្រូវឆ្លងកាត់ទឹកអូរដែលមានទឹលជន់ហូរច្រោះ និងផ្លូវមានការលំបាកនៅក្នុងរដូវវស្សា។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពសន្លឹកជាង ១៣លានសន្លឹក សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
សន្លឹកឆ្នោតដែលនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹក គឺចែកចេញជា២ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង២៣៧៨៩ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។
ចំនួនឈ្មោះប្រជាពលរដ្ឋដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះស្រីចំនួន ៥,១៦១,៩០៦នាក់ និងការិយាល័យបោះឆ្នោតទូទាំងប្រទេស គឺមានចំនួន ២៣,៧៨៩ការិយាល័យ៕