(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត (លោកគ្រូមា) នៅព្រឹកថ្ងែទី២២ ខែកក្កដា ឆ្នាំ២០២៣ បានចេញវីដេអូផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត ក្នុងឱកាសដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ធ្វើដំណើរទីជិតទីឆ្ងាយ ប្រកបដោយសុខសុវត្ថិភាព។

សូមជម្រាបថា ក្នុងឱកាសដែលកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ និយោជិត មន្ត្រីរាជការឈប់សម្រាកបីថ្ងៃ នៅថ្ងៃទី២២ ២៣ និង២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីងាយស្រួលចូលរួមបោះឆ្នោត។

ចាប់ពីល្ងាចថ្ងៃទី២១ ខែកក្កដាម្សិលមិញរហូតមកដល់ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមធ្វើដំណើរពីរាជធានីភ្នំពេញ ត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគាត់ ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃស្អែក៕