(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅដ៏ល្បីមួយរូប នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្ពោធជាផ្លូវការ នូវសៀវភៅថ្មីមួយទៀត ដែលជាស្នាដៃទី១៧ មានចំណងជើងថា «មរតកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យតេជោ»។

ថ្លែងនៅក្នុងពិធីនោះ ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ឆាយ សុផល បានលើកឡើងថា កាលបើនិយាយពីកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺប្រជាជនកម្ពុជា ទាំងនៅក្នុង និងក្រៅប្រទេសពិតជាដឹងច្បាស់ ហើយនៅដិតដាមស្នាមជាប់ក្នុងចិត្តថ្មីៗនៅឡើយ ប៉ុន្តែសៀវភៅនេះ ក៏បានរៀបរាប់ព្រឹត្តិការណ៍ផ្សេងៗទៀត ទាក់ទិននឹងកីឡាទាំងពីរខាងលើ។

លោកបន្តថា នៅពេលមានសៀវភៅនេះ នៅក្នុងដៃ មិត្តអ្នកអានពិតជាបានដឹងរឿងរ៉ាវក្រៅឆាកខ្លះៗ អំពីកីឡាដោយមានការទាក់ទិននឹងមនោគមន៍វិទ្យា និងការយកប្រៀបលើភូមិសាស្រ្តនយោបាយ របស់ប្រទេសមហាអំណាចនៅពេលសង្រ្គាមត្រជាក់ចាប់ផ្តើម ដែលបែងចែកពួកស្តាំនិយម (ពួកប្លុកសេរី) និងឆ្វេងនិយម (ពួកប្លុកកុម្មុយនីស្ត) ហើយចាប់តាំងពីកីឡាទាំងពីរនេះ ត្រូវបានបង្កើតឡើងជាផ្លូវការ កម្ពុជាមិនដែលបានរៀបចំធ្វើម្តងណាឡើយ រហូតមកដល់ឆ្នាំ២០២៣ ទើបមានឱកាស។

អ្នកចងក្រងសៀវភៅនេះ បានបញ្ជាក់ថា មានប្រជាជនកម្ពុជាមិនតិចទេ ដែលពួកគាត់បានភាន់ច្រឡំរវាងព្រឹត្តិការណ៍កីឡាហ្គានេហ្វូ នៅរាជធានីភ្នំពេញ នាឆ្នាំ១៩៦៦ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣។

នៅក្នុងមាតិកានៃសៀវភៅនេះ ក៏មានរៀបរាប់ពីទំនាស់រវាង «គុនខ្មែរ» និង «មួយថៃ», គុនល្បុក្កតោ ក្លាយជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងយុទ្ធនាការ Beyond the Games របស់សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងការដាក់ចេញនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលស្តីពី «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមកទស្សនាប្រទេសកម្ពុជា។

សៀវភៅក៏បានរៀបរាប់លម្អិតពីដំណើការដំបូងនៃព្រះអគ្គិជ័យ និងភ្លើងគប់កីឡាទាំងការហែនៅក្នុងប្រទេស និងទៅប្រទេស១០ផ្សេងទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូតមកដល់ថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាជាផ្លូវការ។

លោក ឆាយ សុផល បានរម្លឹកប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយលើកឡើងថា កម្ពុជា ជាប្រទេសតូច តែបេះដូងធំ ហើយលុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះ ចាយមិនអស់ឡើយ ហើយបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយៗបានដឹងទៀតផង។

លោក ឆាយ សុផល បានអត្ថាធិប្បាយថា កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះបាន ដោយធ្វើឲ្យប្រទេសទាំងនៅក្នុងតំបន់ និងនៅពិភពលោកមានការស្ញប់ស្ញែង នឹកស្មានមិនដល់នោះ ក៏ដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ អាចរក្សាបានសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនអត្តពលិក និងភ្ញៀវបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើការប្រកួតកីឡាខ្នាតអន្តរជាតិ ដោយមិនចាញ់បណ្តាប្រទេសនៅជុំវិញពិភពលោកនោះទេ ហើយល្អជាងប្រទេសជាច្រើនទៀតផង។

បើតាមការរៀបរាប់របស់លោក ឆាយ សុផល គឺសៀវភៅ ក៏បានផ្តោតលើការត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងដោយប្រុងប្រយ័ត្នបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការផ្តល់អាហារ និងកន្លែងស្នាក់នៅដោយមិនគិតថ្លៃជូនអត្តពលិក និងប្រតិភូកីឡាអាស៊ានទៀតផង។

ដោយប្រព័ន្ធផ្សព្វផ្សាយមានសារសំខាន់ ក្នុងបញ្ជូនព័ត៌មានទាំងសំណេរ សំឡេង និងរូបភាពទៅកាន់ពិភពលោក ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្រព័ន្ធអ៊ីនធីណិត ការផ្សាយផ្ទាល់ និងបន្តផ្ទាល់ នៅមជ្ឈមណ្ឌលព័ត៌មានសម្រាប់អ្នកសារព័ត៌មានជាតិ និងបរទេស ហើយអ្នកសារព័ត៌មានទាំងនោះ បានទទួលអាហារសម្រន់មិនខ្វះក្នុងអំឡុងពេល នៃការបំពេញការងារនៅទីនោះ។

ពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» និង «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព» ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រកាន់យក គឺស្របពេល ដែលពិភពលោក កំពុងជួបវិបត្តិសេដ្ឋកិច្ចចេញពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយមានការលូកដៃពីអង្កការណាតូ និងសម្ព័ន្ធមិត្ត ខណៈជំងឺរាតត្បាត កូវីដ-១៩ ជាសកលនៅតែបន្ត ហើយបញ្ហាប្រែប្រួល អាកាសធាតុជាក្តីបារម្ភដ៏ធំរបស់ពិភពលោក។ ទាំងនេះគឺជាភាពជោគជ័យមហាធំធេង ហើយបាននាំកិត្យានុភាព និងឧត្តមភាព នៃប្រទេសទៅលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា ទាំងពីរខាងលើ។

ឆ្លៀតឱកាសនោះ លោក ឆាយ សុផល បានអំពាវនាវឲ្យប្រជាជនដែលមានប័ណ្ណបោះឆ្នោត សូមទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ហើយជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីរក្សាសន្តិភាព និងបន្តការអភិវឌ្ឍឲ្យរីកចម្រើនកាន់តែខ្លាំង ព្រមទាំងរួបរួមសាមគ្គីក្នុងមហាគ្រួសារខ្មែរ ដោយបន្តនាំអនុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា សៀវភៅនេះ មានកម្រាស់ជិត៦០០ ទំហំ A4 ត្រូវបានបោះពុម្ពលើកទីមួយចំនួន២ម៉ឺនច្បាប់៕