(តាកែវ)៖ សមិទ្ធផលថ្មីស្រឡាងមួយបានលេចរូបរាងឡើងនៅលើទឹកដី ស្រុកគិរីវង់ ខេត្តតាកែវ នោះគឺសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់។

សួនច្បារសាធារណៈនេះត្រូវបានកសាងឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចវិបុលបញ្ញា សុខ អាន ហើយត្រូវបានដឹកនាំកសាងក្រោមកិច្ចខិតខំប្រឹងប្រែងនិងសម្របសម្រួលដោយផ្ទាល់របស់លោក សុខ សូកាន តំណាងឱ្យក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន។

សួនវប្បធម៌នេះត្រូវបានកសាងឡើងដោយប្រើប្រាស់ដីល្បាប់ស្ដារពីពោះបឹងទន្លាប់ក្នុងគោលបំណងដើម្បីពង្រីកបរិមាណស្ដុកទឹកក្នុងបឹងឱ្យបានច្រើន កាត់បន្ថយហានិភ័យនៃការខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង ជួយកាត់បន្ថយគ្រោះទឹកជំនន់នៅក្នុងរដូវវស្សា និងសម្រាប់បម្រើផលប្រយោជន៍ជូនសាធារណជន ពិសេសប្រជាជនខេត្តតាកែវ និងស្រុកគិរីវង់។

សួនវប្បធម៌នេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជាប់អាងទឹកទន្លាប់ ស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ សួននេះត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នបាននឹងកំពុងបន្តសាងសង់ ហើយនឹងបញ្ចប់ជំហានដំបូងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមបញ្ជាក់ផងដែរ អគារបណ្ណាល័យសារមន្ទីមួយក៏នឹងត្រូវកសាងក្នុងជំហានបន្ទាប់ផងដែរ។

ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋនៅក្នុងស្រុកគិរីវង់ តែងតែមកកម្សាន្ត ហាត់ប្រាណ លេងកីឡា និងផ្ដិតយករូបភាពស្រស់ស្អាតនៃសួននេះមិនដែលអាក់ខានឡើយ។ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងសួនវប្បធម៌នេះមានជាអាទ៍៖ កន្លែងហាត់ប្រាណសម្រាប់ប្រជាជនវ័យចំណាស់, ទីលានកីឡា(បាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់), សួនកុមារ, ដើមឈើប្រណីតនិងកម្រជាច្រើនដើមនិងច្រើនប្រភេទ, ទីធ្លាសម្រាប់អង្គុយលម្ហែកម្សាន្ដទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃបឹងទន្លាប់ និងទេសភាពដ៏ស្រស់ស្អាតរបស់ភ្នំបាយ៉ង់កោរ, ព្រមទាំងមាននូវរោងទូកង (សម្ដេចវិបុលបញ្ញាបារមីមានជ័យ និងគិរីវង់សុខសែនជ័យ) និងរោងពន្លាជ័យ ដែលមានក្បូរក្បាច់រចនាដ៏វិចិត្រតាមរចនាបថខ្មែរ។

ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ក៏ដូចជាខេត្តតាកែវទាំងមូល បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ និងសាទរជាខ្លាំងចំពោះវត្តមាននៃសមិទ្ធផលសួនវប្បធម៌ដ៏ថ្មីស្រឡាងមួយនេះ។

សមិទ្ធផលនេះនឹងជួយលើកកម្ពស់សោភណ្ឌភាពស្រុកគីរីវង់ឱ្យកាន់តែស្រស់បំព្រង ជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង, រឹតចំណងសាមគ្គីភាព និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន, ព្រមទាំងចូលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការពារបរិស្ថាន និងធម្មជាតិ, ក៏ដូចជាជំរុញការអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យរឹតតែទូលំទូលាយ៕