(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

ក្រសួងកសិកម្មបានអះអាងថា យោងតាមតម្លៃស្រូវនៅទីវាល ដែលប្រមូលដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ស្រូវប្រភេទ IR មានតម្លៃ ១ ០៤៧រៀល/គ.ក្រ ខណៈស្រូវប្រភេទ OM មានតម្លៃ ១ ០២៩រៀល/គ.ក្រ។ ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ គឺមានតម្លៃខ្ពស់ជាងគេ បើធៀបនឹងប្រភេទពូជស្រូវ IR និង OM ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០រៀល/គ.ក្រ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បន្ថែមថា ក្រៅតែពីថ្លៃស្រូវមានស្ថានភាពល្អប្រសើរ តម្លៃជីកសិកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមក ទល់ពេលនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី ៣៥ដុល្លារ/បាវ មកនៅត្រឹម ២៣,៥ដុល្លារ/បាវ ខណៈជីដេអាប៉េ (DAP: 18-46-0) ធ្លាក់ថ្លៃពី ៤២ដុល្លារ/បាវ មកនៅត្រឹម ៣៦ដុល្លារ/បាវ។ លើសពីនេះទៀត តម្លៃថ្នាំកសិកម្មមួយចំនួនក៏ថយចុះផងដែរ ដូចជា ថ្នាំកម្ចាត់ស្មៅឈ្មោះ Atrazine 80% WP បានថយចុះ ៣៥% ថ្នាំកម្ចាត់ស្មៅឈ្មោះ Glyphosate 48% SL និង 2.4. D 72% SL បានថយចុះក្នុងកម្រិតពី ២១% ដល់ ២៣% ថ្នាំកម្ចាត់ជំងឺឈ្មោះ Mancozeb 80% WP បានថយចុះ ១៤% ថ្នាំសម្លាប់សត្វល្អិត ឈ្មោះ Acephate បានថយចុះប្រមាណ ៦% ខណៈពេលដែលប្រភេទថ្នាំកសិកម្មផ្សេងទៀតមានការប្រែប្រួលតម្លៃតិចតួច។

បិទតាមក្រសួងកសិកម្ម, លទ្ធផលនេះកើតចេញពីការចូលរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទម្លាក់ថវិកាទាន់ពេលវេលា សម្រាប់អន្តរាគមន៍ទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រមូលផល ការសម្រួលការនាំចេញស្រូវ-អង្ករ និងការបើកឱកាសប្រកួតប្រជែងលើទីផ្សារសម្រាប់ជីនិងថ្នាំកសិកម្មដែលមានគុណភាព៕