(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតបកស្រាយមួយទៅ លោកស្រី Elaine Pearson នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ករណីសួរសំណួរទាក់ទងនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក។

សំណួររបស់លោកស្រី Elaine Pearson បានធ្វើតាមលិខិតទទួលមួយ និងដាក់ទៅ គ.ជ.ប តាមសារអេឡិចត្រូនិក ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមលិខិតរបស់ គ.ជ.ប ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។

បើតាមលិខិតរបស់គ.ជ.ប, បន្ទាប់ពីបានទទួលសំណើពីអង្គការ Human Rights Watch រួចមក គ.ជ.ប បានចាត់អង្គភាពជំនាញឱ្យ ពិនិត្យ និងសិក្សាយ៉ាងយកចិត្តទុកដាក់ទៅលើ ទ.១១០២ ទាំងអស់សរុបចំនួន ២,១៩៧ ការិយាល័យ នៅក្នុង រាជធានីភ្នំពេញ។ក្រោយពីបានសិក្សាទៅលើតួលេខ និងទិន្នន័យពាក់ព័ន្ធ គ.ជ.ប បានបញ្ជាក់ថា៖

* ទី១៖ តួលេខដែលកត់ត្រាក្នុង ទ.១១០២ ជាតួលេខ ដែលត្រូវបានកត់ចម្លងចេញពីតួលេខដើមក្នុង តារាងកត់ត្រាសំឡេងឆ្នោត (ទ.១១០៨) និងកំណត់ហេតុនៃការបោះឆ្នោត (ទ.១១០១) នៃការិយាល័យ បោះឆ្នោត-រាប់សន្លឹកឆ្នោត ដែលគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.រ) បានកត់ចម្លងមិនត្រឹមត្រូវតាមតួលេខដើម... កត្តានេះបណ្តាលឱ្យមានកំហុសឆ្គងលើការបំពេញទិន្នន័យតួលេខនៅការិយាល័យ ពាក់ព័ន្ធមួយចំនួនតាមប្រភេទកំហុសខ្លះៗដូចការរកឃើញរបស់ គ.ជ.ប និងអង្គការ Human Rights Watch។

* ទី២៖ កំហុសឆ្គងនេះ ពុំមែនជាភាពមិនប្រក្រតីធ្ងន់ធ្ងរដែលប៉ះពាល់ទៅដល់លទ្ធផលនៃការបោះឆ្នោត ឬនាំទៅដល់ការបាត់សំឡេងឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ ពីព្រោះតាមការត្រួតពិនិត្យផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់ផ្ទាល់ដៃដោយមន្ត្រីជំនាញរបស់ គ.ជ.ប ទៅលើ ទ.១១០៨ និង ទ.១១០១ ទាំងអស់ គឺតួលេខមានភាពច្បាស់លាស់ និងត្រឹមត្រូវ (គ្មានការកោសលុប ឬកែតម្រូវឡើយ) គ.ក.រ ធ្វេសប្រហែសក្នុងការកត់ចម្លងតួលេខចេញពីទម្រង់ទាំងពីរនេះ បញ្ចូលទៅក្នុង ទ.១១០២។ ករណីនេះ យើងបានបន្តផ្ទៀងផ្ទាត់តួលេខនៅដំណាក់កាលត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្នថ្នាក់ឃុំ សង្កាត់ និងថ្នាក់រាជធានី ខេត្តឃើញថា កំហុសក្នុង ទ.១១០២ ទាំងនោះត្រូវបានកែសម្រួលដោយ គណៈកម្មការរៀបចំការបោះឆ្នោត ស្របតាមបទបញ្ជា និងនីតិវiធីសម្រាប់ការបោះឆ្នោត។

* ទី៣៖ កំហុសដែលបានរកឃើញខាងលើមួយផ្នែក ជាកំហុសក្នុងកិច្ចការរដ្ឋបាល មួយផ្នែកតូចជាកំហុសលើការបែងចែកមិនច្បាស់លាស់រវាងសន្លឹកឆ្នោតខូច និងសន្លឹកឆ្នោតមិនបានការ៖

ឧ១: ទ.១១០២ (ការិ.០៥៤៣) នៃសង្កាត់ទឹកល្អក់ទី៣ គ.ក.រ បានកត់ត្រាលំដាប់លេខរៀង និងសំឡេងឆ្នោតទទួលបានរបស់គណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា ត្រឹមត្រូវ ដូចនេះ គ.ក.រ បានប្រើទឹកលុបកែតម្រូវជាថ្មីឱ្យបានត្រឹមត្រូវ។ ករណី ការិ.០៣០៨ នៃសង្កាត់ស្រះចក គ.ក.រ បានយល់ច្រឡំកត់ត្រាចំនួនអ្នកបោះឆ្នោតសរុប ក្នុងការិយាល័យនេះទៅវិញ នៅក្នុងខ្ទង់ចំនួនសន្លឹកឆ្នោតទទួលជាក់ស្តែង។

ឧ២: ទ.១១០២ (ការិ.០៥៤៣ ការិ.០៣៦៤ ការិ.០១០០ និងការិយាល័យមួយចំនួនទៀត) សុទ្ធតែយល់ច្រឡំកត់ត្រាចំនួនសន្លឹកឆ្នោតមិនបានការ នៅខ្ទង់ចំនួនសន្លឹកឆ្នោតខូច ឬក៏ការិយាល័យមួយចំនួនទៀតបានបូកបញ្ចូលគ្នា រវាងចំនួនសន្លឹកឆ្នោតខូច និងសន្លឹកឆ្នោតមិនបានការ

សម្គាល់៖ ឆ្លងតាមការសិក្សាទៅលើទម្រង់តួលេខីទិន្នន័យដើមដែលមានកត់ត្រានៅក្នុង ទ.១១០៨ ទ.១១០១ និងគោលការណ៍អនុវត្តនៅក្នុងប្រព័ន្ធច្បាប់បោះឆ្នោត ករណីជាក់ស្ដែងខាងលើនេះ គឺជាការភាន់ច្រឡំ នាំទៅដល់ការអនុវត្តខុស (Malpractice) របស់មន្ត្រីបោះឆ្នោតដែលជាប្រតិបត្តិករផ្ទាល់ វាពុំមែនជាភាពមិនប្រក្រតីធ្ងន់ធ្ងរដែលនាំឱ្យមានការលួចបន្លំនៅក្នុងការបោះឆ្នោត ឬលទ្ធផលនៃការ បោះឆ្នោតឡើយ។ កំហុស ឬការធ្វើប្រហែសនេះ តម្រូវឱ្យមានការកែតម្រូវឡើងវិញដោយមន្តី្រ ប្រតិបត្តិការងារបោះឆ្នោតនៅតាមឋានានុក្រមជាបន្តបន្ទាប់ស្របតាមច្បាប់ និងបទញ្ញត្តិ និងនីតិវិធី។

* ទី៤៖ ការចុះហត្ថលេខាដោយភ្នាក់ងារគណបក្សនយោបាយ ឬមិនចុះហត្ថលេខាលើ ទ.១១០២ ពុំអាចមោឃៈលើកំណត់ហេតុនេះទេ និងក៏ពុំមែនជាកំហុសឆ្គងដែរ ហើយប្រការនេះគ្មានឥទ្ធិពលទៅលើ ដំណើរការបោះឆ្នោតរាប់សន្លឹកឆ្នោត ឬលទ្ធផលនៃការបោះឆ្នោតឡើយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានមជ្ឈដ្ឋានជាតិ- អន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាសកាសសុខសន្តិភាព ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព និងដោយសម្ងាត់ ហើយលទ្ធផលនៃការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ម្ចាស់ឆ្នោត ដែលផ្តល់ការគាំទ្រចំពោះគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត។ បន្ថែម ពីលើនេះ នៅក្នុងអង្គសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៖ កាលពីថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២២ ដែលមានការចូលរួមមកពីគ្រប់ភាគីពាក់ព័ន្ធសរុបចំនួន ៥៦០រូប ហើយដែលជាទូទៅបានលើកយោបល់ និងវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃការបោះឆ្នោត និងការរៀបចំចាត់ចែងការងាររបស់ គ.ជ.ប ហើយជាក់ស្ដែងនៅក្នុងការបោះឆ្នោត ក៏ពុំមានពាក្យបណ្តឹងតវ៉ា ឬជំទាស់ណាមួយប៉ះពាល់ទៅលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ឬនាំទៅដល់ការកែប្រែលទ្ធផលនៃការបោះឆ្នោតផងដែរ។

ជាការពិតណាស់ គ្មានការរៀបចំចាត់ចែងការបោះឆ្នោតណាមួយដែលត្រូវបានធ្វើឡើងល្អឥតខ្វះនោះទេ នៅលើសកលលោក តែទោះយ៉ាងណាកំហុសក្នុងកិច្ចប្រតិបត្តិការរាប់សន្លឹកឆ្នោតដែលត្រូវបានរកឃើញនេះ គឺជាមូលដ្ឋានមួយដើម្បីឱ្យ គ.ជ.ប បន្តពិនិត្យ និងពិចារណាកែលម្អការងារបច្ចេកទេស ការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្ត្រីបោះឆ្នោត សម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់នា ពេលខាងមុខ។

ជាចុងក្រោយ គ.ជ.ប មានការសោកស្តាយចំពោះការយឺតយ៉ាវក្នុងការឆ្លើយតបដោយសារតម្រូវឱ្យសិក្សាលើទិន្នន័យក្នុងប្រព័ន្ធ និងទិន្ន័យជាក់ស្ដែង (Hard copy) ម្យ៉ាងទៀតអង្គភាពជំនាញកំពុងមមាញឹកក្នុងការងាររៀបចំចាត់ចែងការបោះឆ្នោតនាពេលខាងមុខដ៏ខ្លី។

ទោះជាយ៉ាងនេះក្តី គ.ជ.ប ថ្លែងអំណរអរគុណចំពោះការយកចិត្តទុកដាក់តាមដាន និងផ្តល់របាយការណ៍លើកិច្ចការបោះឆ្នោតកន្លងមក ពីសំណាក់អង្គការឃ្លាំមើលសិទ្ធិប្រចាំតំបន់អាស៊ីហើយ គ.ជ.ប នៅតែបន្តស្វាគមន៍នូវរាល់មតិយោបល់ នានាក្នុងន័យស្ថាបនារបស់ភាគីពាក់ព័ន្ធទាំងជាតិ-អន្តរជាតិ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣៕