(ភ្នំពេញ)៖ ផ្នត់គំនិតយុវជនបានផ្លាស់ប្ដូរពីមួយជំនាន់ទៅមួយជំនាន់ ដោយអាស្រ័យលើទីមួយ៖ ការអប់រំ ទីពីរ៖ បច្ចេកវិទ្យា និងទីបី ការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ប្រទេសនីមួយៗ។ កាលពីជាង៣០ឆ្នាំមុន ប្រជាពលរដ្ឋភាគច្រើន ខ្វះចំណេះដឹងដោយសារតែ បញ្ហាសង្រ្គាម បញ្ហាជាប់គាំងនយោបាយ និងបញ្ហាសង្គមមួយចំនួន ដែលធ្វើឱ្យក្រុមប្រជាពលរដ្ឋទាំងនោះ ខ្វះការសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ លើការងារអភិវឌ្ឍ នៅប្រទេសកម្ពុជា។
ប៉ុន្តែមកទល់ពេលនេះ ប្រជាពលរដ្ឋជាពិសេសយុវជនជំនាន់ក្រោយ មានការផ្លាស់ប្ដូរជាវិជ្ជមាន និងចូលរួមកាន់តែច្រើនលើការងារសង្គម និងការអភិវឌ្ឍនានា នៅប្រទេសកម្ពុជាតាមរយៈការចូលរួមដោយផ្ទាល់នឹងរដ្ឋាភិបាល ឬចូលរួមនៅក្នុងវិស័យឯកជន ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។
បើយើងមើលរចនាសម្ព័ន្ធកម្លាំងពលកម្មកម្ពុជា គឺមានយុវជនប្រមាណ ២០ម៉ឺននាក់រៀងរាល់ឆ្នាំ ជាកម្លាំងពលកម្មថ្មី ចូលបន្ថែមទៅនឹងទីផ្សារការងារ ឬកម្លាំងពលកម្មកម្ពុជាសរុប។ យុវជនថ្មីៗដែលពេញកម្លាំង ខ្លះស្វែងរកការងារធ្វើនៅទីប្រជុំជន ខ្លះចំណាកទៅក្រៅប្រទេស ខ្លះទៀតរៀនជំនាញបច្ចេកទេស និងមួយក្រុមទៀត មានឱកាសបន្កការសិក្សានៅថ្នាក់ឧត្ដមសិក្សាជាដើម ។ ប៉ុន្តែក្ដីប្រាថ្នារបស់ពួកគេ គឺចង់បានការងារមួយដែលមានប្រាក់ចំណូលសមរម្យ ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ ។
យុវជននៅកម្ពុជាដែលពេញកម្លាំង ប្រមាណ៦លាននាក់ ប្រាថ្នាចង់បានការងារសមរម្យ ដែលបានមកពីការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព។ ក្រុមយុវជននោះមានអាយុចន្លោះពី ១៥ឆ្នាំ ទៅ៣៥ឆ្នាំ មានផ្នត់គំនិតខុសពីជំនាន់ឪពុកម្ដាយរបស់គេ ដែលមានភាពក្លាហាន និងហ៊ានធ្វើសកម្មភាពនានាគាំទ្រដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលគេតែងហៅថាក្រុមយុវជននោះ ជាមនុស្សជំនាន់ថ្មី។
ហេតុផលមួយចំនួនដែលហៅថាមនុស្សជំនាន់ថ្មី ព្រោះទីមួយ ពួកគេរីកចម្រើនវ័យ នៅក្នុងសម័យសន្តិភាព និងស្ថិរភាព ទីពីរ ពួកគេរស់នៅដោយសារតែមានការបោះឆ្នោតទៀងទាត់ និងទីបី គេរស់នៅដោយសារតែមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា និងមានការផ្លាស់ប្ដូររចនាសម្ព័ន្ធបង្កើតកាងារឆាប់រហ័ស។
ការសិក្សាថ្មីដោយ វិទ្យាស្ថានស្រាវជ្រាវបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍកម្ពុជា (CDRI) បង្ហាញថា គិតត្រឹមឆ្នាំ១៩៩៥មក កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧.៧% ជាមធ្យមប្រចាំឆ្នាំ និងបានផ្លាស់ប្ដូរប្រភពកំណើនសេដ្ឋកិច្ចពីវិស័យកសិកម្ម ទៅជាវិស័យឧស្សាហកម្មនិងសេវាកម្មវិញ។ ការផ្លាស់ប្ដូរនេះ បានធ្វើក្រុមយុវជនមានឱកាសកាន់តែច្រើនជាងជំនាន់ឪពុកម្ដាយរបស់គេ ពាក់ព័ន្ធនិងការអប់រំ ការរកចំណូល ការថែទាំសុខភាព និងការបង្កើតការងារជាដើម។ ហើយក្រុមយុវជននេះ ក៏ជាកម្លាំងស្នូលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចរបស់យុវជន បានចូលរួមចំណែកលើការកាត់បន្ថយភាពក្រីក្រនៅ កម្ពុជាដែរ។
តាមការប៉ាន់ស្មានដោយស្ថាប័នអភិវឌ្ឍនានា នៅកម្ពុជាបង្ហាញថា អត្រាភាពក្រីក្របច្ចុប្បន្នធ្លាក់ចុះនៅអត្រាក្រោម ១០% តាមរយៈការងាររបស់យុវជន នៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ វិស័យសំណង់ និងទេសចរណ៍។
ដោយឡែកអ្វីដែលក្រុមយុវជនចង់បាននោះ គឺចង់ឱ្យរដ្ឋាភិបាលបង្កើតការងារដល់ពួកគេ ប្រកបដោយគុណភាព។ តួលេខផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា តួលេខអ្នកគ្មានការងារធ្វើមានតិចជាង ១% ឬនិយាយបានម៉្យាងទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតការងារបានយ៉ាងតិច ៥ម៉ឺននាក់រៀងរាល់ឆ្នាំ។ តួលេខនេះបង្ហាញថា កម្ពុជាមានការអភិវឌ្ឍកាន់តែប្រសើរ ជាពិសេសផ្ដោតលើការងាររបស់យុវជន ជាពិសេសធ្វើយ៉ាងណា ឲ្យយុវជនដែលមានការងារធ្វើទាំងនោះ ត្រូវតែជាការងារមួយ ដែលសមរម្យសម្រាប់ការរស់នៅប្រចាំថ្ងៃ ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលរដ្ឋាភិបាលកំពុងធ្វើនៅពេលនេះ គឺបានឆ្លើយតបជាបណ្ដើរៗ ទៅនឹងក្ដីប្រាថា្នរបស់យុវជនដែល ពួកគេមិនមែនត្រូវការតែសិទ្ធិរស់រានប៉ុណ្ណោះទេ តែគេត្រូវការសិទ្ធិក្នុងការរីកចម្រើន និងមានគុណភាពជីវិតប្រកបដោយសេចក្ដីថ្លៃថ្នូរ និងជាទីគាត់ចិត្ត។
បញ្ហាទាំងអស់នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយជាច្រើន គាំទ្រដល់ការបង្កើតការងារដល់យុវជន ដូចជាគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម គោលនយោបាយការងារថ្នាក់ជាតិ និងគោលនយោបាយពលករចំណាកស្រុកជាច្រើន ។ ហើយគោលនយោបាយទាំងអស់ មានគោលបំណង ដើម្បីបង្កើនសមត្ថភាពរបស់យុវជន និងផ្ដល់ឱកាសសម្រាប់យុវជនទាំងអស់ ទទួលបានការងារ ការអប់រំ និងការចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍ នៅក្នុងសហគមន៍ ការងារថ្នាក់ជាតិ ដើម្បីលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារបស់គេ ។
លើសពីនេះរដ្ឋធម្មនុញ្ញកម្ពុជា ក៏បានផ្ដល់សិទ្ធិដល់យុវជនកម្ពុជាគ្រប់គ្នា នូវសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិទៅបោះឆ្នោតដើម្បីជ្រើសរើស តំណាងរបស់ខ្លួនដែលគេពេញចិត្ត ស្របតាមក្ដីប្រាថា្នរបស់គេ លើដំណើរការបង្កើតការងារមួយសមរម្យ និងជាប់លាប់នាពេលចំពោះមុខនេះ ។ បច្ចុប្បន្នក្រុមប្រជាពលរដ្ឋកម្ពុជា ដែលមានអាយុចន្លោះពី ១៥ឆ្នាំ ទៅ៤០ឆ្នាំ មានជិតពាក់កណ្ដាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប។
ឆ្លើយតបទៅនឹងផ្នត់គំនិតរបស់យុវជននេះ ការសិក្សារបស់អង្គការតម្លាភាព នៅកម្ពុជាកាលពីឆ្នាំ២០២២ រកឃើញថាក្ដីប្រាថ្នារបស់យុវជនកម្ពុជា រំពឹងថាការផ្ដល់សេវាសារធារណៈនឹងរកចម្រើនកាន់តែប្រសើរនៅ៥ឆ្នាំក្រោយ ក្នុងនោះ ទីមួយ៖ យុវជន៤៣% ជឿជាក់ថា នឹងមានការងារធ្វើកាន់តែច្រើន ទីពីរ៖ យុវជន៤០% គិតថាអត្រាភាពក្រីក្រ និងធ្លាក់ចុះ និងទីបី៖ យុវជន៣៨% គិតថា គុណភាពនៃការអប់រំនឹងកាន់តែប្រសើរឡើង៕
ដោយ៖ អាន ស៊ីថាវ