Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កញ្ញា ធី សុវណ្ណថា មិនទាន់ទទួលយកការព្រមានរបស់ក្រសួងការងារទេ, បដិសេធការចោទប្រកាន់លើរូបនាង

30-07-2016 19:56

(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា បានអះអាងថា នាងពុំទាន់ទទួលយកនូវការព្រមានរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឡើយទេ ហើយនាងបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា នាងតាំងខ្លួនជាតំណាងសហជីព ដោយនាងអះអាងថា សកម្មភាពដែលធ្វើកន្លងមក គ្រាន់តែជាការចូលរួមជាមួយកម្មករ និងសហជីពតែប៉ុណ្ណោះ។

ការអះអាងរបស់យុវតីរូបស្រស់ សំបូរវោហានៅលើបណ្តាញសង្គម Facebook រូបនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតព្រមានមួយ កាលពីម្សិលមិញ ដោយមិនឱ្យកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ធ្វើសកម្មភាពសហជីពដែលផ្ទុយ នឹងច្បាប់ស្តីពីសហជីពឡើយ។

កញ្ញា ធី សុវណ្ណថា បានអះអាងថា សកម្មភាពដែលនាងធ្វើកន្លងមក គ្រាន់តែជាការចូលរួមជាមួយកម្មករ និងសហជីពតែប៉ុណ្ណោះ ប៉ុន្តែនាងមិនមានគំនិត ដើម្បីតាំងខ្លួនជាមេដឹកនាំសហជីពនោះទេ។ កញ្ញា ធី សុវណ្ណថា បានអះអាងថា នាងនឹងពិភាក្សាជាមួយមេធាវី ដើម្បីសិក្សាអំពីច្បាប់សហជីព ទើបប្រកាសអំពីជំហររបស់ខ្លួនតាមក្រោយ។

សូមបញ្ជាក់ថា នាថ្មីៗនេះកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន បានព្រមានគៀងគកម្មករជាច្រើននាក់ ដើម្បីតវ៉ាប្រឆាំងនឹង លោក សម រង្ស៊ី បើសិនជាសហគមន៍អឺរ៉ុប សម្រេចបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា តាមការផ្តល់គំនិតរបស់មេបក្សប្រឆាំងនេះមែននោះ។

លោក សម រង្ស៊ី ត្រូវបានវិទ្យុបារាំងដកស្រង់សម្តីថា បានស្នើឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារប្រទេសកម្ពុជា ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាល ហើយបន្ទាប់ពី មានព័ត៌មាននេះកម្មករ និងសហជីពជាច្រើនបានប្រតិកម្មនឹងការលើកឡើងនេះ ហើយថ្កោលទោសមេបក្សប្រឆាំងរូបនេះផងដែរ៕