(ភ្នំពេញ)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានដឹកនាំសមាជិក សមាជិកាគណបក្សខណ្ឌឬស្សីកែវ និងគណៈចលនាសាសនិកឥស្លាម សរុបចំនួនជាង៤,០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត នៅភូមិសាស្ត្រខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ។

ទោះជាស្ថិតក្នុងស្ថានភាពក្រោមដំណក់ភ្លៀងក៏ដោយ សមាជិក សមាជិកាដែលពាក់អាវ និងមួកមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា អមដោយទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទង់បក្សប្រជាជនកម្ពុជា មានទឹកមុខសប្បាយរីករាយ ពេញចិត្ត និងពោរពេញដោយជំនឿទុកចិត្ត និងក្តីសង្ឃឹមចំពោះអនាគតរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សមាជិក សមាជិកាទាំងអស់ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងការពារសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយជាទូទៅយុទ្ធនាការក្នុងរយៈពេល២១ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕