(កំពង់ធំ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ រួមនឹងសមាជិក សមាជិកាគណបក្សប្រជាជកម្ពុជា ស្រុកស្ទោង និងក្រុមការងារបានមកជួបគ្នាដង្ហែក្បួន ដើម្បីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើទីសតាំងតំណាងរាស្ត្រនីតិកាលទី៧ បន្ទាប់ពីបានធ្វើយុទ្ធនាការឃោសនាចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៣មក។
ក្នុងពីធីបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃនេះគេសង្កេតឃើញ មានសមាជិកសមាជិកា ឃោសនិក ចូលរួមប្រមាណជិត៨.០០០នាក់ មកពីឃុំចំនួន១២ ក្នុងស្រុកស្ទោង ដែលបានដង្ហែរក្បួនចេញ ពីបណ្ដាឃុំនានាមកជួបជុំនៅ ចម្ការតាខ្នា របស់ក្រុមហ៊ុន លីម ប៊ុណ្ណា ស្ថិតនៅក្នុងភូមិកំពង់ចិនជើងស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ថា យ៉ាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចុះជួយគ្រប់មូលដ្ឋាន ក្នុងឃុំទាំងអស់ក្នុងស្រុកស្ទោង ក៏ដូចជាសមាជិក សមាជិកាឃោសនិក
នៅតាមបណ្ដាឃុំនានា ដែលបានធ្វើយុទ្ធនាការយ៉ាងសកម្ម ដើម្បីឈានទៅរកជោគជ័យ ដ៏ពិតប្រាកដជូនគណបក្សប្រជាជនកម្ពុជាក្នុងព្រឹត្តិការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកបានបន្តទៀតថា ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងពេលនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក៏ដូចជាការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ក្នុងការបន្តដឹកនាំប្រទេសជាតិ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនផងដែរ។
គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ទាំងមូលជាអ្នកឈ្នះឆ្នោតដូចគ្នាលើសពីនេះ ក៍មានការសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សមាជិក សមាជិកាម្នាក់
របស់គណបក្សប្រជាជនកម្ពុជាជាម្ចាស់សំឡេងឆ្នោតមួយសន្លឹកសម្រាប់គាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ៕