(កណ្ដាល)៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បិទយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបានរួមដៃគ្នាចេញដង្ហែក្បួនឃោសនានៅទូទាំងប្រទេស។
ដោយឡែកសម្រាប់ខេត្តកណ្ដាល មានសមាជិកសមាជិកាប្រមាណជិត៨ម៉ឺននាក់បានដង្ហែរក្បួនឃោសនានៅតាមក្រុង-ស្រុកទាំង១៣នៃខេត្តកណ្ដាល។ គេសង្កេតឃើញពីឱឡារឹកភាពរបស់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានដង្ហែរក្បួនយ៉ាងផុសផុលល្បីកក្រើកទូទាំងខេត្តកណ្ដាល ជាមួយនឹងស្នូរសំឡេងឃោសនស័ព្ទយ៉ាងមុតស្រួច ហាក់បង្ហាញពីភាពអង់អាចក្លាហាន និងភាពច្បាស់លាស់នៃគណបក្សប្រជាជនកម្ពុជា។
ការដង្ហែក្បួនដ៏ល្បីកក្រើកនេះបានអង្រួនចិត្តពលរដ្ឋឲ្យរឹតតែជឿទុកចិត្តពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ខណៈដែលពិធីដង្ហែគ្រប់ទីតាំង ត្រូវបានរៀបចំយ៉ាងអធិកធមក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំតាមតំបន់នីមួយៗនៃខេត្តកណ្ដាល ខណៈដែលលោកបណ្ឌិតម៉ៅ ភិរុណ ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ឡើយ នូវស្នាដៃនៃការរៀបចំពិធីដង្ហែរនៅក្រុងតាខ្មៅដែលជាបេះដូងនៃខេត្តបានយ៉ាងគគ្រឹកគគ្រេង និងមានសណ្ដាប់ធ្នាប់ល្អបំផុត។
ផ្ដើមដំបូងពីការជួបជុំនៅក្រុងតាខ្មៅ ដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង១ម៉ឺន៤ពាន់នាក់ដែលជាចំនួនសរុបទាំងព្រឹកទាំងល្ងាច រួចមកបានដង្ហែចេញទៅតាមបណ្ដាសង្កាត់ទាំងអស់ដែលមានសមាជិក សមាជិកាសរុបទាំងអស់ហែរហមជាក្បួន មានទាំងការប្រគុំតន្ត្រី ការស្រែកហ៊ោរកញ្រ្ជាវ សប្បាយរីករាយ ស្រែកជ័យឃោស ជាមួយនឹងស្នាមញញឹមរាក់ទាក់ពីពលរដ្ឋឈរអមសងខាងផ្លូវចាំទទួលស្វាគមន៍ ដែលមើលទៅហាក់មានអស្ចារ្យខ្លាំងណាស់ ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា ទូទាំងប្រទេស ក្នុងនោះដែរខេត្តកណ្ដាលត្រូវបានកត់សម្គាល់ថាមានភាពលេចធ្លោផងដែរ ពិសេសក្រុងតាខ្មៅល្បីកក្រើកជាងគេដែលពិធីដង្ហែដឹកនាំលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល៕