(បាត់ដំបង)៖ លោក ឡុង នរិន្ទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំឫស្សីក្រាំង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងាររួមជាមួយសមាជិកគណបក្សជាង៧០០នាក់ ដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
នាឱកាសនោះ លោក ឡុង នរិន្ទ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានសង្កាត់ ភូមិ ដោយការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិ ឃុំនីមួយៗក្នុងរយៈពេល២១ថ្ងៃកន្លងមកដោយជោគជ័យ ព្រមទាំងមានការចូលរួមគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។
លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមមេត្តាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព ថែរក្សាបានសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ
លោក ឡុង នរិន្ទ ព្រមទាំងសមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយយុទ្ធនាការបានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕