(បាត់ដំបង)៖ លោក កែវ រ៉េមី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ព្រៀង និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង ១ពាន់នាក់ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតីកាលទី៧ នៅឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ពិធីនេះក៏មានការចូលរួមអមដំណើរពីសំណាក់លោក ជិន ម៉ាលីន ប្រធានក្រុមការងារចុះជួយឃុំរកា និងលោក ខៀវ តុលា ប្រធានក្រុមការងារចុះជួយឃុំកំពង់ព្រៀង ថ្នាក់ដឹកនាំចុះជួយភូមិនីមួយ នៃឃុំរកា ព្រមទាំងសមាជិកសមាជិកា ចលនាយុវជននៃគណបក្សប្រជាជនកម្ពុជាទូទាំងឃុំសរុបចំនួនជាង១ពាន់នាក់ ពិធីនេះមានការទទួល និងអបអរទរសាទរពីសំណាក់ប្រជាពលរដ្ឋប្រកដោយស្នាមញញឹម និងភាពរីករាយ។
មុននឹងហែក្បួនឃោសនារកសំឡេងឆ្នោត, លោក កែវ រ៉េមី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីការសារៈសំខាន់នៃការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ខាងមុខនេះ គឺដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមទាំងសុខដុមរមនារបស់ប្រជាពលរដ្ឋ និងគ្រប់សាសនា។ សម្រាប់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺរក្សាបាននូវបាវចនាជាតិ សាសនា និងព្រះមហាក្សត្រ។
ជាមួយគ្នានេះដែរ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែអ្នកនយោបាយដែលពូកែក្នុងការដឹកនាំប្រទេសជាតិមានការរីកចម្រើននោះទេ ប៉ុន្តែ សម្តេចតេជោ គឺជាឪុក ដ៏ល្អដែលបានអប់រំកូន ចៅ ឱ្យក្លាយជាបុគ្គលដ៏ល្អ និងមានសក្តានុពលយ៉ាងខ្លាំងនៅក្នុងសង្គម។
លោក កែវ រ៉េមី បានបន្ថែមថា ក្រៅពីបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មែរក្រហម ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមិនមានការបិទសិទ្ធិសេរីភាព ក្នុងគោរពប្រតិបត្តិសាសនានោះឡើយ គឺមានប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិគ្រប់យ៉ាងក្នុងការជ្រើសរើសសាសនាដែលខ្លួនពេញចិត្ត។
លោកក៏បានក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារដែលបម្រើឱ្យការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។
លោក កែវ រ៉េមី រួមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា បានប្ដេជ្ញាចិត្តបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំកម្ពុជា ក្នុងសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន រុងរឿងលើគ្រប់វិស័យបន្តទៀត៕