(ភ្នំពេញ)៖ លោក រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌដង្កោ និងលោក សៀ ទីន ប្រធានក្រុមការងារយុវជនគណបក្សរបស់គណៈកម្មការគណបក្សប្រជាជនកម្ពុជា ខ២៦ ភ.ព នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងាររួមជាមួយសមាជិកគណបក្ស ចូលរួមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី។

នាឱកាសនោះ លោកបានលើកឡើងថា ក្រោមគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រជាជនខ្មែរកសាងប្រទេសពីបាតដៃទទេ គ្មានរូបបិយប័ណ្ណជាតិ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានសាសនា គ្មានផ្សារ គ្មានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់ រួមជាមួយចំនួនប្រជាជនប្រមាណតែ៥លាននាក់ សល់ពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពល ១៩៧៥-១៩៧៩  មកដល់បច្ចុប្បន្នមានតែការរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋខ្មែរកើនឡើងដល់ប្រមាណ១៧លាននាក់ក្នុងឆ្នាំ២០២៣ កំពុងរស់នៅក្នុងសុខសន្តិភាព ជួបជុំគ្រួសារ ដើរហើរដោយសេរី មានអក្សរ ភាសា ទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ជាតិផ្ទាល់ខ្លួន ស្មើមុខស្មើមាត់គ្រប់បណ្តាប្រទេសលើពិភពលោក។

លោកបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានសង្កាត់ ភូមិ ដោយការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិ ឃុំនីមួយៗក្នុងរយៈពេល២១ថ្ងៃកន្លងមកដោយជោគជ័យ ព្រមទាំងមានការចូលរួមគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។

លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមមេត្តាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព ថែរក្សាបានសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ

សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយយុទ្ធនាការបានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕