(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប រួមជាមួយលោក នូ ផល្លា តំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកសមាជិកានិងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ហែបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ទៅកាន់ស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងស្រុកវ៉ារិនខេត្តសៀមរាប។

នៅក្នុងពិធីដង្ហែក្បួននោះ ត្រូវបានប្រជាជននៅទូទាំងស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងវ៉ារិន ដែលត្រូវបានក្បួនធ្វើដំណើរឆ្លងកាត់តាមនោះ បានធ្វើការអបអរសាទរស្វាគមន៍ និងសូមជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេន បន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាដរាប។

លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនខេត្តសៀមរាប គ្រប់ឋានានុក្រមទាំងអស់ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានរៀងៗខ្លួន ព្រមទាំងចូលរួមការដង្ហែក្បួនធំជាលើកទី២នេះ ដោយទទួលបានជោគជ័យ ដែលមានការគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ លោក ឃឹម ប៊ុនសុង បានផ្តាំផ្ញើដល់សមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់សូមរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងមានការប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់បទបញ្ញត្តិនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ផងដែរថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចំណុចខ្ពស់ពោលគឺជាកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាកត្តាកំណត់ជ័យជំនះសម្រាប់ដំណើរការរីកចម្រើនបន្តទៅមុខទៀតរបស់ព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវសុំឱ្យ ប្រជាជនកម្ពុជាទូទាំងប្រទេសអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ការពារសន្តិភាព និងសមិទ្ធផលសង្គមនានាផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕