(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ បានបន្ដដឹកនាំសមាជិក សមាជិកា ប្រមាណជិត ៣ពាន់នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត នៅក្នុងសង្កាត់ចំនួន៦ នៃខណ្ឌសែនសែន បន្ទាប់ពីដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត ពីកោះពេជ្ររហូតមកដល់ទីតាំងបឹងកក់ រាជធានីភ្នំពេញកាលព្រឹកមិញនេះ។
ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ក៏មានការចូលរួមពី លោក ម៉ូវ ម៉ានិត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខផងដែរ។
កំលុងពេលនៃការឃោសនារកសម្លេងឆ្នោតចំនួន២០ថ្ងៃមកនេះ លោក ម៉ម ប៊ុនហេង បានដឹកនាំសមាជិក ចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ អាជីករលក់ដូរតាមផ្សារ បុគ្គលិកក្រុមហ៊ុននានា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។
ក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងកុះករនៅក្នុងយុទ្ធនាការឃោសនារយៈពេល២១ថ្ងៃកន្លងមក ប្រកបដោយស្មារតីសាមគ្គីភាព ភាពថ្លៃថ្នូរ គោរពទៅតាមនីតិវិធីច្បាប់ ក្នុងបរិយាកាសរីករាយ និងស្ងប់ស្ងាត់ល្អ ពិសេសបានបង្ហាញនូវការស្រឡាញ់ ដឹងគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជន ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនាអាណត្តិខាងមុខ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត៕